ភ្ញៀវទេសចរ​បរទេស​ជាង​១០០​សញ្ជាតិ​មកលេង​កំសាន្ត​កម្ពុជា​

AKP ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ​២០២០–

​ភ្ញៀវទេសចរ​បរទេស​សរុប​ប្រមាណ​ជា ជាង​១០០ សញ្ជាតិ​បាន​បន្ត​មក​កំសាន្ត​កម្ពុជា ទោះបីជា​ពិភពលោក កំពុងតែ​រាតត្បាត​ដោយសារតែ​មេរោគ​កូ​វីដ​១៩ ។

​របាយការណ៍​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ទោះបីជា​ចំនួន​ភ្ញៀវទេសចរ​ថយចុះ​ជា​អតិបរមា​ដោយសារតែ​វិបត្តិ​កូ​វីដ​១៩ នេះ​ក៏ដោយចុះ ប៉ុន្តែ​បើ​និយាយ​អំពី​ពលរដ្ឋ​នៅលើ​ពិភពលោក ដែល​មក​កំសាន្ត​នៅ​កម្ពុជា​គឺ​ហាក់​នៅតែ​ដដែល​ទេ ពោលគឺ​នៅក្នុង​ចំណោម​ភ្ញៀវទេសចរ បរទេស​ទាំងនោះ គឺមាន​ប្រមាណ​ជា ជាង​១០០ សញ្ជាតិ ។ ភ្ញៀវទេសចរ​បរទេស​មកលេង​សរុប​នៅ​កម្ពុជា​នៅ​រយៈពេល​៩​ខែ ឆ្នាំ​២០២០ នេះ គឺ​ធ្លាក់ចុះ​៧៤,១ ភាគរយ ពោលគឺ​ថយចុះ មក​នៅត្រឹមតែ ១.២៤៧.៦៨០ នាក់​ប៉ុណ្ណោះ ។

​តួលេខ​បាន​បង្ហាញថា គ្រប់​ជនជាតិ​ដែល​មកលេង​កំសាន្ត​នៅ​កម្ពុជា​គឺ​ថយចុះ​គ្មាន​ប្រទេស​ណា​ទាប​ជាង ៣០ ភាគរយ​ទេ ប៉ុន្តែ​មានតែ​ពលរដ្ឋ​នៅក្នុង​ប្រទេស ហ្គា​ណាមួយ​គត់​ដែល​ធ្លាក់ចុះ​ត្រឹមតែ ០,៨ ភាគរយ ។​
​ជាការ​ពិត​អ្នកទេសចរ​មកពី​ប្រទេស​នេះ​គឺ​មិន​ច្រើន​ទេ គឺ​ត្រឹមតែ ២៥៦ នាក់ ប៉ុណ្ណោះ កាលពី​ឆ្នាំ​២០១៩ ហើយ​មកដល់ ៩ ខែ នៃ​ឆ្នាំ​២០២០ គឺ​បានមក​កម្ពុជា​ប្រមាណ​ជា ២៥៤ នាក់ ដូច្នេះ​យើង​ភាគរយ​នៃ​ការ​ថយ គឺ​ត្រឹមតែ ០,៨ ភាគរយ ។

​ទាក់ទិន​នឹង​កូ​វីដ​១៩ មកដល់ពេលនេះ កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​សរុប ២៩២ នាក់ នៅក្នុង​នោះ​ពលរដ្ឋ​កម្ពុ​ជាមាន​១៨២ នាក់ បារាំង ៤៥ នាក់ ចិន​១៨ នាក់ ម៉ាឡេស៊ី​១៣ នាក់ ឥណ្ឌូនេស៊ី​៩ នាក់ អាមេរិក ៧ នាក់ អង់គ្លេស ៦ នាក់ វៀតណាម ៣ នាក់ កាណាដា​៣ នាក់ បែ​ល​ហ្សិ​ក​ម្នាក់ ឥណ្ឌា​២​នាក់ ក្រៅពីនោះ គឺ​កា​ហ្សា​ក់​ស្ថាន ហុង​គ្រី និង ប៉ូឡូញ ម្នាក់ៗ ។​

​នៅក្នុង​ចំណោម​អ្នក​ដែល​ឆ្លង​គឺ ៩៦,៩២​ភាគរយ​ជាសះស្បើយ ហើយ​សំខាន់​គឺ​កម្ពុជា​នៅ​មិនទាន់មាន​អ្នកស្លាប់​ដោយសារតែ​ជំងឺ​នេះ​នៅឡើយ​ទេ​៕ ដោយ​៖ ហេង បញ្ញា រូបថត៖ Cambodia Airports សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​