១០​ខែ​ប្រាក់ចំណូល​ពី​ការនាំចេញ​អង្ករ​កើនឡើង​ជិត​៤៧​លាន​ដុល្លារ

AKP ភ្នំពេញ​ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នា​ំ២០២០ —

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​អះអាងថា ១០​ខែ ឆ្នាំ​២០២០ ចំណូល​ពី​ការនាំចេញ​អង្ករ​កម្ពុជា​កើនឡើង​ប្រមាណ​ជាជិត ២០ ភាគរយ​។

​ប្រភព​ដដែល​បាន​អះអាងថា គិត​ត្រឹម​រយៈពេល​១០​ខែ នៃ​ឆ្នាំ​២០២០ ប្រាក់ចំណូល​ដែល​កម្ពុជា​ទទួលបាន​ពី​ការនាំចេញ​អង្ករ ទៅ​ក្រៅប្រទេស មានការ​កើនឡើង​ជិត​៤៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​កំណើន​នេះ​ស្មើនឹង​១៥% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា “​ជារួម ទឹកប្រាក់​សរុប​ដែល​កម្ពុជា​ទទួលបាន​ពី​ការនាំចេញ​អង្ករ​ក្នុង​រយៈពេល​១០​ខែ មាន​ចំនួន ៣៦៦.៤៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ការនាំចេញ​ក្នុង​១០​ខែ​នេះ ក៏មាន​ការកើនឡើង ជិត​២០%​ផងដែរ​” ។ នៅក្នុង​រយៈពេល​១០ ខែ នេះ បរិមាណ​នៃ​ការនាំចេញ​អង្ករ គឺមាន​ចំនួន ៥៣៦ ០៣៥ តោន កើនឡើង​១៧,១១ ភាគរយ ។​

​ទីផ្សារ​អង្ករ​កម្ពុជា​គឺ​ទៅកាន់​ចិន ដោយ​រួមទាំង​ហុងកុង ម៉ា​កាវ និង តៃវ៉ាន់ គឺមាន​ចំណែក ៣៦​ភាគរយ ២៧​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប ៣២​ភាគរយ អាស៊ាន មាន​៦​ប្រទេស ចំនួន​១៣ ភាគរយ ប្រទេស​ចំនួន​១០​នៅ​អាហ្វ្រិក​ចំនួន ៩​ភាគរយ ប្រទេស​នៅ​អូ​សេ​អា​នី ដូចជា​អូស្ត្រាលី និង ណូ​វែ​ល​ហ្សេ​ឡង់ ចំនួន ៦​ភាគរយ និង បណ្តា​ដែនដី​កោះ​នៅក្រោម​ការគ្រប់គ្រង​រប​ស់​បារាំង និង​អាមេរិក បាន ២​ភាគរយ ហើយ​បណ្តា​ប្រទេស​នៅ​អាមេរិក​ខាងជើង និង ទ្វីបអាស៊ី​-​ម​ជ្ឈឹ​ម​បូ​ព៌ា មាន​ចំណែក​ប្រមាណ​ជា ២​ភាគរយ​ដែរ ៕ ដោយ​៖ ហេង បញ្ញា សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​