កិច្ចប្រជុំ​បើក​បេសកកម្ម​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ នៃ​ការអនុវត្ត​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​

AKP សៀមរាប ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០–
​នៅ​រសៀល​ថ្ងៃ​៣​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​០៣ ខែតុលា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប បាន​បើក​កិច្ចប្រជុំ បើក​បេសកកម្ម​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ នៃ​ការអនុវត្ត​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ របស់​ធនាគារពិភពលោក ក្រោម​អធិបតីភាព ឯកឧត្តម ងី ច័​ន្ទ្រ ផល រដ្ឋលេខា​ធិ​ក​ការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សម្របសម្រួល​ថ្នាក់ជាតិ​។​

​កិច្ច​ប្រ​ប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ជា​នាយក​គម្រោង​លាភ​ក្រសួងមហាផ្ទៃ លោក លី សំរិទ្ធ អភិបាលរង​ខេត្តសៀមរាប លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក លោកស្រី​តំណាង​ក្រុមការងារ​ធនាគារពិភពលោក តំណាង​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ ព្រមទាំង​មន្ត្រី​អនុវត្តន៍​គម្រោង​លាភ​គ្រប់​សមាសភាគ​ផងដែរ​។
​នៅក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម ងី ច័​ន្ទ្រ​ផល បាន​ជម្រាប​ដល់​ក្រុមការងារ​របស់​ធនាគា​រ​ពិភពលោក អំពី​គម្រោង​លាភ​បាន​អនុវត្តន៍​ការងារ​ស្របទៅតាម​ផែនការ​ដែល​បាន​គ្រោងទុក ដោយ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា ហើយ​សមាជិក​របស់​គ​ម្រោ​ង​នៅតាម​មូលដ្ឋាន​បាន​ខិតខំ​ក្នុងការ​អនុវត្ត​ទៅតាម​ការបង្ហាត់បង្រៀន​របស់​មន្ត្រី​ជំនាញ​របស់​គម្រោង​។ ជាមួយនឹង​លទ្ធផល​ទាំងនេះ យើង​ក៏​ជួប​នូវ​ផល​លំបាក​ផងដែរ អំពី​ជំងឺ​កូ​វីដ​-១៩ ដែល​ធ្វើឱ្យ​គម្រោង​យើង​អនុ​វត្តមាន​ភាពយឺតយ៉ាវ​បន្តិច​។​

​ឯកឧត្តម ងី ច័​ន្ទ្រ​ផល បាន​ជំរុញ​ដល់​ក្រុមការងារ ត្រូវ​បន្ត​អនុវត្តន៍​ការងារ​របស់​គម្រោង​លាភ ឱ្យបាន​ទៅតាម​ផែន​ការដែល​គ្រោងទុក ។ ព្រោះថា គម្រោង​លាភ​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២២​។ ម្យ៉ាងវិញទៀត ក្រុមការងារ​ទាំងអស់​ត្រូវ​ជំរុញ​ដល់​ប្រជាពលរដ្ឋ ដែលជា​សមាជិក​របស់​គម្រោង​ត្រូវ​បន្ត​អនុវត្តន៍​ការងារ​ដែល​យើង​បាន​បណ្តុះបណ្តាល​បន្តទៀត ទោះបីជា​គម្រោង​យើង​ចប់​ក៏ដោយ ចៀសវាង​គម្រោង​លាភ​ចប់ ប្រជាពលរដ្ឋ​ក៏​រំសាយ​តាម​គម្រោង​ដែរ​នោះទេ​។ ឯកឧត្តម ងី ច័​ន្ទ្រ​ផល បាន​ជំរុញ​ដល់​ក្រុមការងារ​ទាំងអស់​ត្រូវ ជំរុញ​ល្បឿន​ការងារ​ឱ្យបាន​លឿន​ជាង​មុន ត្រូវ​ចុះទៅ​ពិនិត្យមើល​ដល់ទី​តាំង​និ ង​គោលដៅ​របស់​ប្រជាពលរដ្ឋ​ជាក់ស្តែង និង​ច្បាស់លាស់​មិនអាច​ធ្វេសប្រហែស​បានឡើយ ដែល​ប្រជាពលរដ្ឋ​ក្រីក្រ​បាន​ជួបប្រទះ​នៅ​វិបត្តិ​កូ​វីដ​-១៩ និង​គ្រោះទឹកជំនន់​ផងដែរ​៕​ដោយ​៖​ហង្ស សៀក សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​