កម្ពុជា-ហុងគ្រី នឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេស ទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត

AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ភីតធើ ហ្ស៊ីចាតូ (Peter Szijjarto) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ប្រទេសហុងគ្រី បានបញ្ជាក់អំពីការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ភីតធើ ហ្ស៊ីចាតូ (Peter Szijjarto) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ប្រទេសហុងគ្រី និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ នៅក្នុងជំនួបនោះដែរ ឯកឧត្តម ភីតធើ ហ្ស៊ីចាតូ បានជម្រាបជូន សម្ដេចតេជោថា ទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជានៅពេលនេះ ទី១. ដើម្បីគោរពនិងសម្តែងការអបអរសាទរចំពោះខួបទី៦៧ នៃទិវាឯករាជ្យជាតិរបស់កម្ពុជា។ ទី២. ដើម្បីនាំការសាកសួរសុខទុក្ខ ពីឯកឧត្តមនាយករដ្ឋមន្ត្រីហុងគ្រី។ ទី៣. ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរតាមរយៈនាំមកនូវគម្រោងទី១ គម្រោងគ្រប់គ្រងទឹកស្អាត និងចំរោះទឹក ទី២ គម្រោងបច្ចេកវិទ្យា និងទី៣ គម្រោងកសិដ្ឋានចិញ្ចឹមសត្វនិងសត្តឃាត និងទី៤ គម្រោងកសិកម្មនិងនេសាទ។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្ដាំផ្ញើសួរសុខទុក្ខ របស់នាយករដ្ឋមន្រ្តីហុងគ្រី និងបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនហុងគ្រី ដែលបានជួយកម្ពុជាតាំងតែពីជាង៤០ឆ្នាំមុន ក្នុងការកសាងប្រទេសឡើងវិញពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍរីកចំរើនដល់សព្វថ្ងៃ។ សម្ដេចតេជោ ក៏បានឯកភាព ក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគម្រោងទាំងបួន ដូចបានរៀបរាប់ខាងលើ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសំដែងនូវការគោរព ផ្ញើសួរសុខទុក្ខជូនចំពោះនាយករដ្ឋមន្រ្តីហុងគ្រី និងក៏បានស្នើអញ្ជើញនាយករដ្ឋមន្ត្រីហុងគ្រី មកធ្វើទស្សនកិច្ចនៅកម្ពុជា។

គួរបញ្ជាក់ដែរថា ក្រោយពីបញ្ចប់ជំនួបពិភាក្សា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ដែលក្នុងនោះរួមមាន ១.កិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ដែលចុះហត្ថលេខាដោយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ឯកឧត្តម Péter Szijjártó រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី។២.អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មនៃប្រទេសហុងគ្រី ចុះហត្ថលេខាដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Péter Szijjártó រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី។ ៣. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងទឹករវាងក្រសួងធនធានទឹកនិងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី ដែលចុះហត្ថលេខាដោយ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម និងឯកឧត្តម Péter Szijjártó រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី៕

ដោយ ជឹម ណារី