សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី

(ភ្នំពេញ)៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ភីធើ ស៉ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី។

នៅក្នុងជំនួបនេះ ឯកឧត្តម ភីធើ ស៉ីចាតូ (Péter Szijjártó) ក៏បានអរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជារដ្ឋាភិបាលកម្ពុជា ដែលទទួលស្វាគមន៍ឯកឧត្តមយ៉ាងកក់ក្តី នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានាពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺ ទី១)ដើម្បីអបអរសាទរចំពោះខួបលើកទី៦៧ នៃបុណ្យឯករាជ្យជាតិរបស់ប្រទេសកម្ពុជា ទី២) គឺដើម្បីពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី និងទី៣) ដើម្បីពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរតាមរយៈការនាំមកនូវគម្រោងអភិវឌ្ឍន៍មួយចំនួនដូចជា ទី១) គម្រោងទឹកស្អាត និងចំរោះទឹក ទី២) គម្រោងបច្ចេកវិទ្យា (IT) និងទី៣) គម្រោងកសិដ្ឋានចិញ្ចឹមសត្វ និងសត្តឃាត និងទី៤)គម្រោងកសិកម្ម និងនេសាទ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី ហើយសម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋហុងគ្រី ដែលបានជួយមកដល់កម្ពុជាកាលពីជាង៤០ឆ្នាំមុន ក្នុងការកសាងប្រទេសឡើងវិញពីបាតដៃទទេ បន្ទាប់ពីកម្ពុជាងើបពីសង្គ្រាម។ លើសពីនេះទៅទៀត សម្ដេចតេជោ ក៏បានឯកភាពជាមួយនឹងការជំរុញលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរតាមរយៈគម្រោងទាំងបួនខាងលើ។

លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវការគោរព និងផ្ដាំផ្ញើសួរសុខទុក្ខជូនចំពោះនាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី។ ហើយឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោក៏បានស្នើសុំ និងអញ្ជើញឯកឧត្តមនាយករដ្ឋមន្រ្តីហុងគ្រី មកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ក្នុងឱកាសណាមួយនាពេលខាងមុខផងដែរ៕

ដោយ៖ កន ចំណាន