សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង និងអនុស្សរណៈ ចំនួន៣ រវាងកម្ពុជា និងហុងគ្រី

AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈ រវាងព្រះរាជាណាចក្រកម្ពុជា និងហុងគ្រី រួមមាន៖
១.កិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ដែលចុះហត្ថលេខាដោយ ឯកឧត្តម Péter Szijjártó រដ្ឋមន្ត្រីការបរទេសហុងគ្រី និងឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។
២.អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម នៃប្រទេសហុងគ្រី ដែលចុះហត្ថលេខាដោយ ឯកឧត្តម Péter Szijjártó រដ្ឋមន្ត្រីការបរទេសហុងគ្រី និងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា។
៣. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងទឹក រវាងក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី ដែលចុះហត្ថលេខាដោយឯកឧត្តម Péter Szijjártó រដ្ឋមន្ត្រីការបរទេសហុងគ្រី និងឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយមកម្ពុជា ។
រូបថត៖ ហ៊ុន យុទ្ធគុណ និង កុក គី