ក្រសួងកសិកម្ម ផ្តល់ពូជដំណាំរួមផ្សំ២៥តោន ដល់ប្រជាកសិករដើម្បីយកទៅដាំក្រោយទឹកជំនន់

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា


ភ្នំពេញ៖ លោក សោម លន់ អនុប្រធាននាយកដ្ឋានសាកវប្បកម្ម និង ដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ពូជដំណាំរួមផ្សំទាំង២៥តោននោះ រួមមាន៖ ស្ពៃជាច្រើនប្រភេទ ពោតដំណើប ត្រកួន សណ្តែកកួរ ល្ពៅ ត្រប់ ប៉េងប៉ោះ ត្រឡាច ននោង ម្រះ និង ផ្ទី.ស​ ជាដើម។
លោកបន្តថា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ បន្តចុះចែកគ្រាប់ពូជនេះនៅខេត្តមួយចំនួនរួចហើយ ដើម្បីឱ្យកសិករយកទៅបង្កបង្កើនផលទាន់ទឹកស្រកទៅវិញ។
ជាមួយគ្នានោះ ក្រុមការងារជំនាញរបស់មន្ទីរ កសិកកម្មខេត្តទាំងអស់ ក៏បានចុះអប់រំណែនាំឱ្យប្រជាកសិករឱ្យបង្កើន ការដាំបន្លែបង្ការ ដើម្បីផ្គត់ផ្គង់ក្នុងសហគមន៍ និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ដំណាំរបស់កសិករដែលមានផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង​កន្លងមកមានទំហំ ៨០០០ហិកតា ដោយបានរងការខូចខាតស្ទើរទាំងស្រុង។ បច្ចុប្បន្ន ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងបន្តចែកពូជបន្លែ និងពូជស្រូវដែលមានគុណភាព ដល់កសិករដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង នៅខេត្តគោលដៅមួយចំនួនក្នុងប្រទេសកម្ពុជា៕​