អង្គការសង្គមស៊ីវិលមួយចំនួនផ្សព្វផ្សាយព័ត៌មានមិនពិតពីកម្ពុជា គ្រាន់តែជាការទាក់ទាញយកលុយពីខាងក្រៅ និងចង់បំភាន់សាធារណមតិតែប៉ុណ្ណោះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ វ៉ែន សុវុទ្ធី

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានចាត់ទុកអង្គការសង្គមស៊ីវិលមួយចំនួន ដែលមិនបានចុះបញ្ជី​ស្របច្បាប់នៅកម្ពុជា ហើយបានផ្សព្វផ្សាយព័ត៌មានមិនពិតពីកម្ពុជា គឺគ្រាន់តែជាយុទ្ធសាស្រ្ត​ក្នុងការទាក់​ទាញយកលុយ​ពីខាងក្រៅ ហើយចង់ បានការចាប់អារម្មណ៍មកលើក្រុមពួកគេ និងមានគោលបំណង​បំភាន់សាធារមតិតែប៉ុណ្ណោះ។
ក្នុងសន្និសីទសាព័ត៌មាន ស្តីពីការបំភ្លឺជូនសាធារណជនពីការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងសេចក្តីបំភ្លឺជុំវិញការ​ព្រួយបារម្ភ របស់អង្គការសង្គមស៊ីវិលមួយចំនួន ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជានាថ្ងៃទី៣ ខែវិច្ឆិកានេះ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការនិងជាអ្នកនាំ​ពាក្យក្រសួងព័ត៌មាន​បានមានប្រសាសន៍​ថា ពាក់ព័ន្ធទៅនឹងការចោទ ប្រកាន់ចំពោះស្ថាប័នមានសមត្ថកិច្ច​ដែលបានអនុវត្តភារកិច្ច​របស់ខ្លួន ទៅលើអ្នកសារព័ត៌មានខុសច្បាប់មួយចំនួនកន្លងមក គឺ ជាការរំលោភបំពាន បិទសិទ្ធិសេរីភាពសារ​ព័ត៌មាន​​នោះ គឺជាការចោទប្រកាន់ដោយមិនបានពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់នីមួយៗនោះឡើយ។
ការថ្លែងបំភ្លឺរបស់អ្នកនាំពាក្យក្រសួងព័ត៌មាននេះ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រួមមួយ របស់អង្គការសង្គមស៊ីវិល​ចំនួន ៥៧ ដែលបានចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា​​បានយាយីទៅលើប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មាន។

ឯកឧត្តមបញ្ជាក់ថា ក្នុងចំណោមអង្គការសង្គមស៊ីវិលទាំង៥៧នោះ មានអង្គការសង្គមស៊ីវិលតែចំនួន ១២ប៉ុណ្ណោះដែលបាន ចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃនិង០១ចុះបញ្ជីនៅក្រសួងព័ត៌មាន ក្រៅពីនោះជា​​ក្រុមអង្គការ​សង្គម​ស៊ីវិលដែលមិនបាន ចុះបញ្ជីស្របច្បាប់ឡើយ។

ជាមួយគ្នានោះ ឯកឧត្តមអ្នកនាំពាក្យបានស្នើឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវគោរពច្បាប់ និងវិជ្ជាជីវៈសារព័ត៌មាន ឱ្យបានត្រឹមត្រូវដើម្បីចៀសផុតពីការចោទប្រកាន់ផ្លូវច្បាប់៖

សំឡេង៖ « អំពាវនាវដល់លើកទឹកចិត្តដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់នៅកម្ពុជា សូមចូលរួមគោរ​ពច្បាប់ និងបទដ្ឋានគតិយុត្តនានា ក៏ដូចជាកិច្ចសន្យារបស់ខ្លួន​ដែលតម្កល់ទុកនៅ​ក្នុងក្រសួងព័ត៌មានឲ្យបានខ្ជាប់ខ្ជួន និងជៀសវាងការបំពានសិទ្ធិអ្នកដទៃនិងបំភ្លៃការពិត និងធ្វើយ៉ាងណាខិតខំនៅក្នុងការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត »។

ឯកឧត្តមបន្តថា ករណីការដែលអនុវត្តវិធានការផ្លូវច្បាប់ទៅលើអ្នកសារព័ត៌មានចំនួន​ដែលប្រព្រឹត្ត​ខុសច្បាប់កន្លង​មកនេះ កំពុងតែស្ថិតក្នុង ដំណើរការនីតិវិធីរបស់តុលាការ ដូច្នេះមានតែការចូលរួមអនុវត្តទៅតាមនីតីវិធី​​របស់​តុលាការទេ ដែលជាដំណោះស្រាយ ក្នុងការអនុវត្តសិទ្ធិសេរីភាពនិងភាពត្រឹមត្រូវរបស់ខ្លួនចំពោះមុខច្បាប់។

ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់ថា ក្នុងករណីនេះភាគីពាក់ព័ន្ធអាចផ្តល់ជាជំនួយផ្លូវច្បាប់ ដល់ជនជាប់ចោទទាំង​នោះទៅតាមនីតិវិធីច្បាប់។ ចំពោះការអនុវត្តវិធានការផ្លូវច្បាប់ទៅលើអ្នកសារព័ត៌មាន​ទាំងនោះ គឺធ្វើឡើងតាមអង្គហេតុ និងអង្គច្បាប់នៃប្រទេសកម្ពុជាប៉ុណ្ណោះ ហើយមិនបានរឹតត្បិតសិទ្ធិ​សេរីភាព ឬយាយីដល់ អ្នកសារព័ត៌មានដែលគោរពច្បាប់ និងមានវិជ្ជាជីវៈត្រឹមត្រូវនោះទេ៕