រដ្ឋមន្ត្រីក្រសួងការងារ៖ ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជា កាន់តែច្រើនមានការងារសមរម្យ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែ​វិច្ឆិកា ឆ្នាំ២០២០–
​ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជា កាន់តែច្រើនមានការងារ សមរម្យ និងប្រកបដោយលទ្ធភាព។

​នៅក្នុងពិធីបើកសិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យប្រចាំឆ្នាំលើ “កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣” ដែលធ្វើឡើងនៅសណ្ឋាគារ ភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្មវិធីការងារសមរម្យ ប្រចាំប្រទេស កម្ពុជាឆ្នាំ២០១៩-២០២៣ ផ្ដោតការយកចិត្តទុកដាក់លើគោលដៅ អាទិភាពសំខាន់ៗ ចំនួន៣រួមមាន៖ ១. ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជា កាន់តែច្រើនទទួលបានការងារសមរម្យប្រកបដោយផលិតភាព ដោយសារការកើន ឡើងនូវពិពិធកម្មសេដ្ឋកិច្ច ផលិតភាព ភាពប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ ២. ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជាកាន់តែច្រើន មានការងារធ្វើប្រកប ដោយសុខភាព សុវត្ថិភាព និងទទួលបានប្រយោជន៍ពីសេវាគាំពារសង្គម ប្រកបដោយចីរភាព តម្លាភាព និងសមធម៌, និង ៣. សំវាទសង្គម ទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ ត្រូវបានធ្វើឱ្យប្រសើរឡើង ស្របទៅតាមបទដ្ឋានអន្តរជាតិខាងការងារ រាប់បញ្ចូលទាំងសម្រាប់ពលករទេសន្តរប្រវេសន៍។

​ឯកឧត្តមបន្តថា សិក្ខាសាលាត្រីភាគីនេះ មានគោលបំណងពិនិត្យមើលអំពី សមិទ្ធផលសំខាន់ៗ ដែលកម្ពុជាសមេ្រចបានក្នុងឆ្នាំ២០១៩ និងសកម្មភាពអាទិភាព ក្នុងឆ្នាំបន្ទាប់ និងការកំណត់បញ្ហាប្រឈមសំខាន់ៗ ដើម្បីជំរុញការអនុវត្តសម្រេច ឱ្យបានជោគជ័យលើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ដែល បានអនុម័តកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។ ទន្ទឹមនឹងនេះ កម្មវិធីការងារសមរម្យ សម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ក៏ជាកម្មវិធីដ៏សំខាន់គាំទ្រ ដល់ការចូលរួម សម្រេចឱ្យបាននូវគោលដៅទាំងនេះផងដែរ ហើយវាក៏ជាក្របខ័ណ្ឌ សម្រាប់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូសង្គម រួមចំណែកធ្វើឱ្យ សម្រេចគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជានៅត្រឹមឆ្នាំ២០៣០។

​ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បញ្ជាក់ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ទន្ទឹមនឹងបញ្ហា ប្រឈមដែលយើងជួបប្រទះ ក៏យើងបានដកស្រង់នូវបទពិសោធន៍ ក៏ដូចជាស្វែង រកឃើញនូវកាលានុវត្តន៍ថ្មី ដោយសារតែកម្ពុជាមាន សម្តេចតេជោនាយករដ្ឋមន្រ្តី ជាមគ្គុទេសន៍ដ៏ឈ្លាសវៃ ដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត វិធានការ ឆ្លើយតបនឹងសភាពការណ៍ និងការវិវឌ្ឍនានាប្រកប ដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល តាំងពីដំណាក់កាលទី១ រហូតមកដល់បច្ចុប្បន្ននេះដំណាក់កាលទី៤ គឺជាយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយមួយ ធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ផ្អែកលើយុទ្ធសាស្រ្តនេះ និងគោលនយោបាយមួយចំនួនទៀត ក្រសួងបានយកមកធ្វើជាមូលដ្ឋានក្នុងការជំរុញ អនុវត្តន៍ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ដើម្បីសម្រេចឱ្យបានគោល ដៅអាទិភាពទាំង៥រួមមាន៖ ១. ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ, ២. ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ៣. ការរក្សា និងបង្កើនមុខរបរ និងការងារនៅក្នុងនិងក្រៅប្រទេស, ៤.ការអភិវឌ្ឍរបបសន្តិសុខសង្គម និង ៥. ការពង្រឹងសេវាគាំទ្រទូទៅ។

​ឯកឧត្តមរដ្ឋមន្ត្រី បន្តថា អង្គការអន្តរជាតិខាងការងារ (ILO) តែងតែគាំទ្រក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការអនុវត្តគោលនយោបាយ និងកម្មវិធីនានា ក៏ដូចជាកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ដែលជាការចាំបាច់ ធានាឱ្យមានវឌ្ឍនភាពដែលអាចវាស់វែងបាននៅកម្រិតប្រទេស សំដៅសម្រេចគោលដៅ ការងារសមរម្យសម្រាប់ស្រ្តី បុរស យុវជន និងក្រុមជនងាយរងគ្រោះ។

​គួរជម្រាបជូនផងដែរថា ប្រទេសកម្ពុជាបានអនុវត្តកម្មវិធីការងារសមរម្យ សម្រាប់ប្រទេសកម្ពុជាបានចំនួន៥ ដំណាក់កាលមកហើយ គឺលើកទី១ សម្រាប់ឆ្នាំ២០០៥-២០០៧, លើកទី២ សម្រាប់ឆ្នាំ២០០៨-២០១០, លើកទី៣ សម្រាប់ឆ្នាំ២០១១-២០១៥, លើកទី៤ សម្រាប់ឆ្នាំ២០១៦-២០១៨ និងលើកទី៥សម្រាប់ឆ្នាំ២០១៩-២០២៣៕ដោយ អ៊ាង ប៊ុនរិទ្ធ