រដ្ឋាភិបាល​ជប៉ុនប្រកាស​ផ្ដល់​គ្រឿង​ឥស្សរិយយសជូនឯកឧត្ដម បណ្ឌិតសភាចារ្យ ស៊ន សំណាង ​សម្រាប់​សរទរដូវ​ឆ្នាំ​២០២០នេះ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០​—
ទីស្តីការគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​អំពី​ឈ្មោះ​អ្នក​ដែលត្រូវ​ទទួល​​គ្រឿង​ឥស្សរិយយស​​សម្រាប់​សរទរដូវ​ឆ្នាំ​២០២០ នៅ​ថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០នេះ ក្នុង​ការ​​​ផ្តល់ជូនដល់​បុគ្គលឆ្នើម ដើម្បីទទួល​ស្គាល់ការចូលរួមចំណែករបស់បុគ្គលទាំងនេះក្នុង កិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏ លេចធ្លោរបស់បុគ្គលទាំងនេះ ក្នុងវិស័យ ផ្សេងៗទៀតនៅក្នុងសង្គម ក្នុងនោះក៏រួមមានឯកឧត្ដម បណ្ឌិត​សភាចារ្យ ស៊ន សំណាង ផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូត​ជប៉ុនប្រចាំនៅ​កម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ការផ្ដល់គ្រឿងឥស្សរិយយសនេះ ឯកឧត្ដម បណ្ឌិត​សភាចារ្យ ស៊ន សំណាង ជាអតីតប្រធាន និងសាស្រ្តាចារ្យ នៃរាជបណ្ឌិត្យសភា​កម្ពុជា នឹងទទួលគ្រឿង​ឥស្សរិយយស“The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការទទួល​ស្គាល់​ការចូល​​រួម​វិភាគទាន​របស់​​ឯកឧត្ដម​ក្នុងកិច្ចការជំរុញ នៃការ​ផ្លាស់​ប្តូរ ផ្នែកសិក្សាស្រាវជ្រាវ និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រ​កម្ពុជា​។

ទាក់ទងនឹងស្ថានទូតជប៉ុន ឯកឧត្ដម បណ្ឌិតសភាចារ្យ ស៊ន សំណាង បានចូលរួម​ចំណែកក្នុងការបណ្តុះបណ្តាលមន្រ្តីការទូតរបស់ស្ថានទូតជប៉ុន ដែលជាអ្នកជំនាញភាសា ខ្មែរតាមរយៈការផ្តល់ឱ្យស្នាក់នៅជាមួយក្រុមគ្រួសាររបស់ឯកឧត្តមនិងឱកាសផ្សេងទៀតដើម្បីឱ្យមន្រ្តីទាំងនោះមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ និងសង្គមកម្ពុជា៕ ដោយ រិទ្ធី