ឯកឧត្តម ឃួង ស្រេង ដឹកនាំមន្ដ្រីរាជការ អាជ្ញាធរ និងកម្លាំងចម្រុះបន្ដចុះលាងសម្អាតផ្លូវ ជូនប្រជាពលរដ្ឋ នៅក្នុងបុរីវីអាយភី សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០–
​ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ដ្រីរាជការ អាជ្ញាធរ និងកម្លាំងចម្រុះ បន្ដចុះលាងសម្អាតផ្លូវជូនប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងបុរីវីអាយភី ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

​ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា តាមអនុសាសន៍ណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន គឺបានឱ្យអាជ្ញាធររាជធានី ខេត្តដែលទទួលរងការលិចលង់ ដោយជំនន់ទឹកភ្លៀង ប្រើប្រាស់កម្លាំងចម្រុះទាំងអស់ ធ្វើយ៉ាងណារំដោះប្រជាពលរដ្ឋចេញ ពីតំបន់លិចលង់មកកាន់ទីទួលសុវត្ថិភាពជាបន្ទាន់ ជាមួយនឹងការឧបត្ថម្ភជាស្បៀង អាហារគ្រឿងឧបភោគបរិភោគ ផ្តល់កិច្ចការពារសន្តិសុខ សុវត្ថិភាព និងទ្រព្យសម្បត្តិជូនពួកគាត់ ហើយនៅពេលទឹកស្រកទៅវិញ កម្លាំងអាជ្ញាធរនិងកម្លាំងចម្រុះត្រូវចុះជួយប្រជាពលរដ្ឋទាំងការលាងសម្អាតលំនៅដ្ឋានរបស់ពួកគាត់ បាញ់ថ្នាំសម្លាប់មេរោគដើម្បីសុខមាលភាពប្រជាពលរដ្ឋ។ ជាក់ស្តែងការងារនេះ យើងបានធ្វើជាប្រចាំនៅក្នុងតំបន់ដែលទទួលរងការលិចលង់ នៅពេលទឹកបានស្រកទៅវិញ អស់ដូចជានៅបុរីត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងបុរីវីអាយភី ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោនេះជាដើម។

​ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា បូរីវីអាយភី ស្ថិតនៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោនេះ ខណៈជំនន់ទឹកព្រែកត្នោតជន់លិចនោះ គឺបានធ្វើឱ្យបុរីទាំងមូល ទទួលការលិចលង់ជ្រៅជាងគេតែស្ថានភាពទឹកហូរ ក្រោយពេលទឹកស្រកទៅវិញ ក្នុងបុរីទាំងមូល មិនកខ្វក់ប៉ុន្មានទេ ហើយខណៈអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយ កងកម្លាំង ចម្រុះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ រថយន្តបូមលូបាញ់លាងសម្អាត គឺបានវិលទៅរកភាពល្អប្រសើរដូចដើមវិញ ពោលគឺមិនមានភក់និងសំរាមច្រើននោះទេ ហើយមេរោគក៏មិនមានច្រើនដែរ។

​បន្ទាប់ពីចុះពិនិត្យ នៃសកម្មភាពលាងសម្អាតផ្លូវ នៅក្នុងបុរីវីអាយភីក្នុងសង្កាត់ ស្ពានថ្ម ខណ្ឌដង្កោនេះហើយ ឯកឧត្តម ឃួងស្រេង ក៏បានដឹកនាំ មន្ដ្រីជំនាញ និងអាជ្ញាធរខណ្ឌ មន្ទីរ ពាក់ព័ន្ធចុះទៅពិនិត្យមើលស្ថានភាពការចាក់ដីបំពេញ ទំនប់សន្តស្ទឹងព្រែកត្នោត ដែល ត្រូវទឹកហូរដាច់បន្តទៀតផងដែរ ៕ ដោយ សួស សំរិត