ឯកឧត្តម សាយ សំអាល់ ៖ក្រសួងបរិស្ថាន ត្រូវបន្តជួយលើកកម្ពស់សមត្ថភាពមន្ត្រី និងស្ថានប័នថ្នាក់ក្រោមជាតិដើម្បីលើកកម្ពស់កិច្ចគាំពារបរិស្ថាន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានជំរុញឱ្យក្រសួងបរិស្ថានត្រូវបន្តជួយលើកកម្ពស់សមត្ថភាពមន្ត្រី និងស្ថាប័នថ្នាក់ក្រោមជាតិបន្ថែមទៀត និងបន្តផ្តល់ការគាំទ្រផ្នែកជំនាញបច្ចេកទេសផ្សេងៗ ដើម្បីអនុវត្តន៍មុខងារក្នុងកិច្ចគាំពារបរិស្ថាន ដែលបានប្រគល់ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់បន្ថែមទៀត ព្រមទាំងត្រូវជំរុញការរៀបចំធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹង សម្រាប់ទីប្រជុំជនសំខាន់ៗមួយចំនួនទៀត ដោយយកលំនាំតាមរាជធានីភ្នំពេញ។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០និងលើកទិសដៅការងារឆ្នាំ២០២១នៅព្រឹកថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២០នេះ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបានជួយអន្តរាគមន៍ដល់ក្រុងនិងស្រុកដែលមានបញ្ហាប្រឈមខ្លាំងក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ដោយក្នុងនោះបានផ្តល់ឡដុតសំរាមខ្នាតតូច និងរថយន្តដឹកសំរាម(Dumster Truck)ធុងសំរាមដាំស្ទើរ(Dumpster) និងម៉ូតូកង់បីដឹកសំរាមជាដើម។

ជាមួយគ្នានេះ ក្រសួងក៏បានប្រគល់និងជំរុញគាំទ្រការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹង ទឹកកខ្វក់ ទីប្រជុំជននៅថ្នាក់ក្រោមជាតិដោយបានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសដល់ក្រុង ស្រុកគោលដៅ លើការអនុវត្តមុខងារវិស័យបរិស្ថានស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល និងបានផ្តួចផ្តើមឱ្យមានអាករពិសេសមួយចំនួនសម្រាប់ជាកញ្ចប់ថវិកាសេវាអនាម័យបរិស្ថានទីប្រជុំជនព្រមទាំងបានផ្ទេរធនធានមនុស្ស និងថវិកាពីក្រសួងទៅរដ្ឋបាលក្រុង ស្រុកមួយចំនួនជាបន្តបន្ទាប់ដើម្បីធានាបាននូវកិច្ចគាំពារបរិស្ថាននៅនឹងកន្លែងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ភាពជាម្ចាស់ការ និងការទទួលខុសត្រូវ សំដៅលើកកម្ពស់គុណភាពបរិស្ថាន ចលនាភូមិឃុំស្អាត និងសុខុមាលភាពប្រជាពលរដ្ឋល្អប្រសើរឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋាននីមួយៗ។

ទោះយ៉ាងណាក្តី ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិនៅតែជាបញ្ហាប្រឈមធំមួយដែលយើងត្រូវបន្តចូលរួមដោះស្រាយបន្ថែមទៀត។ក្រសួងបរិស្ថានក៏បានជំរុញនិងចូលរួមធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹង ដោយគិតគូរគ្រប់ជ្រុងជ្រោយពីដើមខ្សែដល់ចុងខ្សែដោយចាប់ផ្តើមពីរាជធានីភ្នំពេញមុនហើយនិងបន្តអនុវត្តន៍ការងារនេះនៅតាមទីប្រជុំជនសំខាន់ៗមួយចំនួនទៀត។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីពិធីបើកសន្និបាតថា ក្រសួងបរិស្ថានបានជំរុញលើកទឹកចិត្តដល់អ្នកប្រតិបត្តិមេត្រីភាពបរិស្ថានល្អគឺមានន័យថា បុគ្គល ក្រសួងឬស្ថាប័នឬអង្គការឬក៏ក្រុមហ៊ុនឯកជនដែលបានប្រតិបត្តិមេត្រីភាពបរិស្ថានបានល្អ ក្រសួងលើកទឹកចិត្តគាត់ផ្តល់ប័ណ្ណសរសើរ ទាំងរូបវន្តបុគ្គល នីតិបុគ្គល ហើយរហូតមកដល់ពេលនេះគឺបានប្រមាណជិត១ពាន់នាក់ហើយរួមទាំងស្ថាប័នផងដែលក្រសួងបានផ្តល់នូវប័ណ្ណសរសើរ លើកទឺកចិត្ត ហើយនៅក្នុងនោះរួមទាំងមន្ត្រីឧទ្យានុរក្សដែលគាត់ខិតខំប្រឹងប្រែងការពារអភិរក្សធនធានធម្មជាតិក៏ក្រសួងបានផ្តល់ឱ្យដែរ។

សម្រាប់ផែនការទៅ២០២១ខាងមុខគឺក្រសួងបរិស្ថានបន្តអនុវត្តន៍ផែនការសកម្មភាពទី១ពាក់ព័ន្ធការគិតគូរបន្តរៀបចំ ការបែងចែកនិង កំណត់តំបន់នៅក្នុងតំបន់ការពារធម្មជាតិដែលរហូតមកដល់ពេលនេះមាន៧២កន្លែង ហើយមានផ្ទៃដីរហូតដល់៧លាន៣សែនហិកតា និងឈានដល់ការបោះបង្គោលកំណត់ព្រំតំបន់ ដែលមានតំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ច្រើនយ៉ាង និងតំបន់សហគមន៍៕
ដោយៈ គង់ សិរីរ័ត្ន, រូបថតៈ ក្រសួងបរិស្ថាន

សម្រួលផ្សាយ៖កន ចំណាន