ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ពីសប្បុរសជន

AKP ព្រះសីហនុ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលបានជួយឧបត្ថម្ភ រួមចំណែកក្នុងការងារមនុស្សធម៌ជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅ ទីស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ក្រុមហ៊ុន លោក លោកស្រី ជាសប្បុរសជន ដែលបានបរិច្ចាគ ធនធានជាគ្រឿងឧបភោគបរិភោគ និងថវិកាដល់សាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោម ប្រធានបទ «ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ដើម្បីបម្រើសកម្មភាព មនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង និងកុមារកំព្រា និងចូលរួមចែករំលែកទៅខេត្តមួយចំនួនដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

អំណោយដែលសប្បុរសជនបានចូលរួមឧបត្ថម្ភមានដូចជា៖ ១- លោកឧកញ៉ា តាំង គួង អគ្គនាយកក្រុមហ៊ុន ឆាយ វ៉ាង គ្រុប ឧបត្ថម្ភអង្ករចំនួន ១០ តោន មី ៥៥កេសធំ ទឹកស៊ីអ៊ីវ ៣៣៣យួរ និងម៉ាស៊ីនបាញ់អាល់កុល ២ឈុត។ ២-លោកឧកញ៉ា លី គួង អនុប្រធានកិត្តិយសសាខា និងលោកជំទាវឧបត្ថម្ភអង្ករចំនួន ៤០តោន មី ១.០០០កេសតូច នំ ២.០០០ប្រអប់ ប្រេងឆា ៥០០កេស ពងមាន់ ៣០.០០០គ្រាប់ និងថវិកាចំនួន ១០.០០០ដុល្លារអាម៉េរិក និង៣- លោកស្រី នី វុទ្ធា លោកស្រី គីម ឡុង និងលោកស្រី តាំង ស៊ីវលាង ឧបត្ថម្ភអង្ករចំនួន១តោន មី ១២កេសធំ ត្រីខ ៣កេសធំ ទឹកដោះគោខាប់ ៣កេស ទឹកបរិសុទ្ធ ៥០កេស ទឹកត្រី ២០យួរ ទឹកស៊ីអ៊ីវ ២០យួរ ប៊ីចេង ២៥គីឡូក្រាម និងថវិកាចំនួន ២.០០០.០០០រៀល៕ ដោយ ងូ សុមុនី