អ្នកនាំពាក្យក្រសួងព័ត៌មាន ច្រានចោលការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួន ដែលព្រួយបារម្ភចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០–
ឯកឧត្ដម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានប្រកាស ច្រានចោលការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនដែលបានចេញសេចក្ដីថ្លែងការណ៍ ដោយចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា បានយារយីទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មាន ព្រមទាំងលើកឡើងពីការព្រួយបារម្ភចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា។ ការច្រានចោល និងបំភ្លឺរបស់អ្នកនាំពាក្យក្រសួងព័ត៌មាននេះ ធ្វើឡើងបន្ទាប់អង្គការសង្គមស៊ីវិលចំនួន៥៧ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដែលបានចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា និងបានស្នើឱ្យរាជរដ្ឋាភិបាលត្រូវបញ្ឈប់បំបិទសំឡេងអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន និងការបំភ្លឺជូនសាធារណជន អំពីការអនុវត្ដវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា និងសេចក្ដីបំភ្លឺជុំវិញការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលមួយចំនួនចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មានឯកឧត្ដម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា ជាការកត់សម្គាល់ឃើញថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ អង្គការសង្គមស៊ីវិលចំនួន៥៧ បានចេញសេចក្ដីថ្លែងការណ៍រួមមួយដោយចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា បានយារយីទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ និងអ្នកសារព័ត៌មាន។ ប៉ុន្ដែក្នុងចំណោមអង្គការសង្គមស៊ីវិលទាំង ៥៧ នោះ មានអង្គការសង្គមស៊ីវិលតែចំនួន១២ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ និង០១ បានចុះបញ្ជីនៅក្រសួងព័ត៌មាន។ ក្រៅពីនោះជាក្រុមអង្គការសង្គមស៊ីវិលដែលមិនបានចុះបញ្ជីស្របច្បាប់ឡើយ។

ឯកឧត្ដមបានលើកឡើងថា “ដូច្នេះក្នុងការចោទប្រកាន់ខាងលើរបស់អង្គការទាំងនេះ គឺវាគ្រាន់តែជាយុទ្ធសាស្រ្ដរបស់អង្គការសង្គមស៊ីវិលទាំងនោះ ក្នុងការទាក់ទាញការយកលុយពីខាងក្រៅ និងទាក់ទាញការចាប់អារម្មណ៍ និងប្រជាប្រិយ ភាពសម្រាប់ក្រុមខ្លួន និងមានចេតនាក្នុងការបំភាន់សាធារណមតិតែ ប៉ុណ្ណោះ”។

ឯកឧត្ដមអ្នកនាំពាក្យរូបនេះបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ យ៉ាងភ្ជាប់ខ្ជួនក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាព សារព័ត៌មាន និងសេរីភាពក្នុងការបោះពុម្ពផ្សាយ ស្របតាមមាត្រា៣១ និងមាត្រា៤១ នៃរដ្ឋ ធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា និងបានអនុវត្ដន៍យ៉ាងត្រឹមត្រូវតាមច្បាប់ស្ដីពីរបបសារព័ត៌ មានឆ្នាំ១៩៩៥។

ឯកឧត្ដមបានពន្យល់ថា ផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ ដែលមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសច្បាប់ស្ដីពីរបបសារព័ត៌មាន អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា អាចបំពេញវិជ្ជាជីវៈដោយសេរី និងគ្មានការត្រួតពិនិត្យជាមុនចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះ អ្នកសារព័ត៌មានអាចរក្សាជាសម្ងាត់នូវប្រភពព័ត៌មានដែលខ្លួនទទួលបានផងដែរ។

ទន្ទឹមនេះ តាមរយៈការអនុវត្ដច្បាប់នេះ បច្ចុប្បន្នវិស័យសារព័ត៌មាននៅកម្ពុជាមានការអភិវឌ្ឍគួរជាទីមោទនៈ ទាំងវិសាលភាព និងមធ្យោបាយនៃការផ្សព្វផ្សាយដែលអាចឱ្យសាធារណជនទទួលបានព័ត៌មានយ៉ាងទូលំទូលាយ និងឆាប់រហ័សពីគ្រប់មជ្ឈដ្ឋានដែលកើតមានឡើងនៅទូទាំងពិភពលោក។ ជាមួយគ្នានេះដែរ បច្ចុប្បន្ន អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិកំពុងតែបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយសេរី និងបានគ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយគ្មានការរើសអើង និងគ្មានការគំរាមកំហែង។

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ ចំពោះស្ថាប័នមានសមត្ថកិច្ចដែលបានអនុវត្តន៍ភារកិច្ចរបស់ខ្លួនទៅលើអ្នកសារព័ត៌មានដែលប្រព្រឹត្តខុសច្បាប់មួយចំនួនកន្លងមក ឯកឧត្ដមបានថ្លែងថា “នេះជាការរំលោភបំពាន បំបិទសិទ្ធិសេរីភាពសារព័ត៌មាននោះ គឺជាការចោទប្រកាន់ដោយមិនបានពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់លើករណីនីមួយៗ នោះឡើយ”។ ពាក់ព័ន្ធចំណុចនេះ អ្នកនាំពាក្យក្រសួងព័ត៌មានក៏សូមបញ្ជាក់ជូនដែរថា ការអនុវត្តវិធានការផ្លូវច្បាប់ទៅលើអ្នកសារព័ត៌មានទាំងនោះ គឺជាការអនុវត្តទៅតាម អង្គ ហេតុ និងអង្គច្បាប់ស្របតាមគោលការណ៍នីតិរដ្ឋដែលគ្រប់ប្រទេសប្រកាន់យក។

ឯកឧត្ដមក៏បានជំរុញដល់អ្នកដែលប្រកបវិជ្ជាជីវៈទាំងអស់ រួមទាំងអ្នកប្រកបវិជ្ជាជីវៈ ព័ត៌មាន ត្រូវគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលមានជាធរមាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីចៀសផុតពីការទទួលខុសត្រូវផ្នែកច្បាប់ ។

ឯកឧត្ដម មាស សុភ័ណ្ឌ ក៏បានបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ករណីការអនុវត្តវិធានការផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មានមួយចំនួនដែលប្រព្រឹត្តខុសច្បាប់ កំពុងស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ ហើយមានតែការចូលរួមអនុវត្តន៍ទៅតាមនីតិវិធីតុលាការទេ ដែលជាដំណោះស្រាយក្នុងការអនុវត្តសិទ្ធិ សេរីភាព និងភាពត្រឹមត្រូវរបស់ខ្លួនចំពោះមុខច្បាប់។ ក្នុងករណីនេះ ភាគីពាក់ព័ន្ធអាចផ្តល់ជាជំនួយផ្លូវច្បាប់ដល់ជនជាប់ចោទទាំងនោះ ទៅតាមនីតិវិធីច្បាប់។ ឯកឧត្ដមបានបន្ថែមថា ចំពោះការចោទប្រកាន់មកលើក្រសួងព័ត៌មានអំពីការដកអាជ្ញាបណ្ណអង្គភាពសារព័ត៌មានមួយចំនួន ដោយគ្មានមូលដ្ឋានច្បាស់លាស់ ហើយបើផ្អែកតាមច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងព័ត៌មាន ក្រសួងបានផ្តល់ការចុះបញ្ជីស្របច្បាប់ដល់អង្គភាពសារព័ត៌មាន ឬអ្នកសារព័ត៌មាន ដោយគ្មានការរើសអើង និងដោយស្មើភាព ។ បន្ថែមពីនេះ ក្រសួងព័ត៌មាន មានតួនាទី និងភារកិច្ចក្នុងការផ្តល់ ផ្អាកបណ្តោះអាសន្ន និងបញ្ឈប់អាជ្ញាប័ណ្ណ ទៅលើអាជីវកម្មវិស័យសារព័ត៌មាន និងសោតទស្សន៍នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមក៏បានបញ្ជាក់បន្ថែមថា ក្នុងន័យនេះ ក្រសួងអាចផ្តល់អាជ្ញាប័ណ្ណក្នុងការប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា នៅពេលណាដែលអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានបានបំពេញទៅតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។ ប៉ុន្តែផ្ទុយទៅវិញ ក្រសួងក៏អាចផ្អាកជាបណ្តោះអាសន្ន ឬលុបអាជ្ញាប័ណ្ណ ប្រសិនបើក្រសួងពិនិត្យឃើញថា អង្គភាព ឬអ្នកសារព័ត៌មានទាំងនោះប្រព្រឹត្តផ្ទុយនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកិច្ចសន្យារបស់ខ្លួនដែលបានតម្កល់ទុក នៅក្រសួងព័ត៌មាន។ ចំពោះករណីដែលក្រសួងលុបអាជ្ញាប័ណ្ណ ចំពោះអង្គភាពសារព័ត៌មានមួយចំនួនតូច កន្លងមក ដោយសារតែអង្គភាពសារព័ត៌មានទាំងនោះ បានប្រព្រឹត្តផ្ទុយទៅនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកិច្ចសន្យារបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន ។

ឆ្លៀតក្នុងឱកាសនេះផងដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏សូមអំពាវនាវ និងលើកទឹកចិត្តដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់នៅកម្ពុជា សូមចូលរួមគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាដែលសាម៉ី អង្គភាពខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន ឱ្យបានខ្ជាប់ខ្ជួន ដោយកុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិត និងបន្តខិតខំអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន។

ឯកឧត្ដម មាន សុភ័ណ្ឌ ក៏បានលើកឡើងផងដែរថា “ច្បាប់ស្ដីពីរបបសារព័ត៌មាននេះគឺមានវិសាលភាពផ្ដល់នូវគុណតម្លៃ និងការពារប្រយោជន៍ដល់អ្នកដែលប្រកបវិជ្ជាជីវៈសារព័ត៌មាន អង្គភាពសារព័ត៌មាន ឬអ្នកសារព័ត៌មានដែលបានចុះបញ្ជីស្របច្បាប់នៅក្នុងក្រសួងព័ត៌មានតែប៉ុណ្ណោះ”៕ដោយ រិទ្ធី, គង់ សិរីរ័ត្ន រូបថត៖ សួស សាវី