សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងកម្មវិធីវិនិយោគឃុំ ថ្នាក់ស្រុក ខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០–

នាព្រឹកថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម ខេង តេង សមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញជាគណៈអធិបតីក្នុងពិធីបើក សិក្ខាសាលាសមា ហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងកម្មវិធីវិនិយោគឃុំ ថ្នាក់ស្រុក នៅ សាលាស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានស្ថាប័ន មន្ទីរ អង្គភាព ក្រុមប្រឹក្សាស្រុក អង្គការ សប្បុរសជន មេឃុំ និងជំទប់ឃុំ។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាល រងខេត្តព្រះសីហនុ មានប្រសាសន៍ថា សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) ដើម្បីធានាឱ្យមានអង្គតិភាព រវាងកម្មវិធីវិនិយោគ បីឆ្នាំរំកិលរបស់រដ្ឋបាលស្រុក និងឃុំ គីជាសកម្មភាពមួយចាំបាច់ត្រូវមានការចូលរួមពីស្ថាប័ន មន្ទីរ អង្គភាព អង្គការជាតិ អន្តរជាតិ ដៃគូរអភិវឌ្ឍន៍ និងសប្បុរសជនដែលកំពុងប្រតិបត្តិការនៅតាមស្រុក និងឃុំគោលដៅ ជួយផ្ដល់ការគាំ ទ្រលើគម្រោងសកម្មភាពរបស់ស្រុក និងឃុំតាមគោលការណ៍ លក្ខខណ្ឌវិនិច្ឆ័យ និងគោលនយោបាយអភិវឌ្ឍន៍របស់ស្ថាប័ននីមួយៗ។

លោកស្រីអភិបាលរងខេត្តបានបន្តថា សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបី ឆ្នាំរំកិលរបស់ស្រុក និងឃុំក្នុងថ្ងៃនេះវាមានសារៈ សំខាន់សម្រាប់ការស្វែង រកប្រភព មូលនិធិមជួយគាំទ្រ និងការធ្វើ សមាហរណកម្មរវាងគម្រោងវិនិ យោគរបស់ស្ថាប័ន មន្ទីរអង្គភាព និងដៃគូអភិវឌ្ឍន៍នានាជាមួយនឹងគម្រោងវិនិយោគជាអាទិភាពរបស់ស្រុក និងឃុំ ក្នុងគោលដៅដើម្បីរួមចំណែកកសាង និងអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងមូលដ្ឋាន ។

ជាការពិតគម្រោងវិនិយោគទាំងអស់ដែលមាននៅក្នុងតារាងម៉ាទ្រិច ត្រូវបានបង្ហាញជូន ដោយតំណាងក្រុមការ ងារកសាងផែនការស្រុក និងតំ ណាង (គ.ផ.ថ) តាមឃុំ គឺជាតម្រូវ ការចាំបាច់ដល់ការលើកស្ទួយកម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងសម្រាប់ដំណើរការអភិវឌ្ឍលើគ្រប់វិស័យនៅមូលដ្ឋាន ជាពិសេសការចូលរួមកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល ព្រម ទាំងបានចូលរួមចំណែកអនុវត្តន៍ឱ្យបានសម្រេចនូវផែនការអភិវឌ្ឍរបស់រដ្ឋបាលស្រុក និងឃុំ តាមគោលការណ៍ណែនាំ ផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សាស្រុក។

លោកស្រី ហៀក ហ៊ីមុល្លី បន្តថា សិក្ខាសាលាសមាហរណកម្មកម្ម វិធីវិនិយោគ បីឆ្នាំរំកិល (២០២១-២០២៣) ដើម្បីធ្វើការពិនិត្យពិចារណាឈ្វេងយល់នូវគម្រោង វិនិយោគជាអាទិភាពរបស់ស្រុក និងឃុំដែលបានចែកជូនក្នុងកិច្ចប្រជុំផ្សព្វ ផ្សាយនៅថ្នាក់ខេត្ត ដើម្បីជួយបំ ពេញបន្ថែមនូវគម្រោងរបស់ស្ថាប័ន មន្ទីរ អង្គភាព អង្គការនានា ដែលស្រុក និងឃុំមិនបានលើកឡើងសម្រាប់ការអភិវឌ្ឍ និងជាគម្រោងរបស់ស្ថាប័ន មន្ទីរ អង្គភាព អង្គការនានាចាំបាច់ត្រូវធ្វើការផ្ដល់ សម្រាប់ការអភិវឌ្ឍនៅមូលដ្ឋាន និងស្នើឱ្យអង្គសិក្ខា សាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ស្រុកកំពង់សិលា ប្រព្រឹត្តដោយរលូន និងទទួលបានលទ្ធផល ដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍនៅស្រុក និងឃុំ របស់ស្រុកកំពង់សិលា៕ ដោយ ងូ សុមុនី