រដ្ឋាភិបាលអាមេរិក ជួយជនរងគ្រោះដោយទឹកជំនន់ ជាង២.៥០០គ្រួសារនៅខេត្តពោធិ៍សាត់

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៣ ១១ ២០២០

MC:  ពលរដ្ឋកម្ពុជាចំនួនជាង២.៥០០គ្រួសារនៅខេត្តពោធិ៍សាត់ ដែលរងគ្រោះ ដោយសារទឹកជំនន់ បានទទួលជំនួយជាស្បៀងអាហារ កាលពីសប្តាហ៍មុន ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយអាមេរិកUSAID និងត្រូវបានចែកចាយ តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ។ នេះបើតាមការឱ្យដឹងពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី៣ ខែវិច្ឆិកានេះ។

  ស្ថានទូតសហរដ្ឋអាមេរិក បានបញ្ជាក់ថា កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការ សហប្រជាជាតិ បានចែកជំនួយស្បៀងអាហារទៅដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរដោយ ទឹកជំនន់នៅក្នុងក្រុងនិងស្រុកចំនួន៣ មានក្រុងពោធិ៍សាត់ ស្រុកបាកាន និង ស្រុក ភ្នំក្រវាញ បន្ទាប់ពីគ្រួសារទាំងនោះ ត្រូវបានជ្រើសរើសដោយឆ្លងតាមការសម្របសម្រួល ជាមួយអាជ្ញាធរខេត្ត ស្រុក និងឃុំ។ មានការផ្តល់អាទិភាពទៅលើគ្រួសារ ដែលស្ថិតក្នុង ស្ថានភាពងាយរងគ្រោះ ដោយរួមទាំងគ្រួសារត្រូវបានចុះបញ្ជីនៃកម្មវិធីជំនួយសម្រាប់ ភាពក្រីក្ររបស់រាជរដ្ឋាភិបាល និងគ្រួសារដែលមានស្រ្តីជាមេគ្រួសារ បន្ទាប់ពីមើល ឃើញថា ទឹកជំនន់បានធ្វើឱ្យចំណូល និងស្បៀងនៅសល់ក្នុងគ្រួសារ របស់គេកាន់តែ មានចំនួន តិចទៅៗ។ 

  គិតតាំងពីឆ្នាំ២០០០មក ទីភ្នាក់ងារជំនួយអាមេរិកUSAID បានផ្តល់ថវិកាចំនួនជាង ៧លានដុល្លារ សម្រាប់ការឆ្លើយតប ការត្រៀមរៀបចំសម្រាប់គ្រោះមហន្តរាយ និងការកាត់បន្ថយហានិភ័យនៅកម្ពុជា។ 

តាមរយៈគម្រោងភាពជាដៃគូរវាងសហរដ្ឋអាមេរិកនិងតំបន់ទន្លេមេគង្គ   សហរដ្ឋអាមេរិក កំពុងតែពង្រឹងលក្ខណៈសម្រាប់ការឆ្លើយតប និងការត្រៀមរៀបចំសម្រាប់គ្រោះ មហន្តរាយនៅក្នុងមូលដ្ឋានទូទាំងប្រទេសទាំង៥ក្នុងតំបន់ទន្លេមេគង្គក្រោម ដោយរួមទាំងប្រទេសកម្ពុជាផងដែរ៕