រាជរដ្ឋាភិបាលផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធដ៏ទំនើបទី៤ ដល់មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៣ ១១ ២០២០


MC: ម៉ាស៊ីនផលិតទឹកបរិសុទ្ធទំនើបទី៤ ដើរដោយបរិយាកាសធម្មជាតិ-WATERGEN (ប្រភេទ GEN-M) ត្រូវបានដាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីឱ្យអ្នកជំងឺ ក៏ដូចជាគ្រូពេទ្យនៅទីនោះទទួលបានទឹកស្អាតបរិភោគប្រកបដោយសុវត្ថិភាព និងកាត់បន្ថយពីការទិញទឹកសម្រាប់ពិសារពីខាងក្រៅ។
ថ្លែងក្នុងពិធីប្រគល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស ដែលជាអំណោយសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត ព្រឹកថ្ងៃទី៣ ខែវិច្ឆិកានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធនេះ គឺជាបច្ចេកវិទ្យារបស់ប្រទេសអ៊ីស្រាអែល ដែលមានសមត្ថភាពផលិតទឹកបរិសុទ្ធដោយ ស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស បានប្រមាណ៨០០លីត្រក្នុងមួយថ្ងៃ ប្រកបដោយ គុណភាព និងសុវត្ថិភាពខ្ពស់ និងអាចចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងៗ ថែមទៀតផង។
ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានទិញម៉ាស៊ីនផលិតទឹក បរិសុទ្ធ ដោយប្រើបច្ចេកវិទ្យាពីប្រទេសអ៊ីស្រាអែលចំនួន៥គ្រឿង ហើយត្រូវបានដាក់ ឱ្យប្រើប្រាស់រួចរាល់នៅមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យគន្ធបុប្ផា និងកាកបាទក្រហមកម្ពុជា ខណៈមួយគ្រឿងទៀត នឹងត្រូវដាក់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានទិញម៉ាស៊ីនផលិតទឹកបរិសុទ្ធដ៏ទំនើប ដែលមាន សមត្ថភាពសម្លាប់មេរោគដោយកាំរស្មីUV និងមានអាយុកាលប្រើប្រាស់រហូតដល់ ១៥ឆ្នាំនេះ ក្នុង១គ្រឿងតម្លៃជាង៦ម៉ឺនដុល្លារអាមេរិក។
នៅក្នុងឱកាសផ្តល់ជូនម៉ាស៊ីនផលិតទឹកបរិសុទ្ធដ៏ទំនើប ខាងក្រុមហ៊ុនSCIដែលនាំមក នូវម៉ាស៊ីនផលិតទឹកបរិសុទ្ធនេះ ក៏បានផ្តល់នូវថវិកាចំនួន១ម៉ឺនដុល្លារអាមេរិកដល់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចការជួយពិនិត្យ និងព្យាបាលជំងឺរបស់ប្រជាពលរដ្ឋផងដែរ៕​