ឯកសារ​សំខាន់ៗ​មួយចំនួន នឹងត្រូវ​ចុះហត្ថលេខា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ហុង​គ្រី នៅ​កម្ពុជា​

AKP ភ្នំពេញ ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯ​សារសំខាន់ៗ​មួយចំនួន ដែល​ផ្ដោតលើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ សេវា​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ចរណ៍ ការគ្រប់គ្រង​ធនធានទឹក និង វិស័យ​កសិកម្ម នឹងត្រូវ​ចុះហត្ថលេខា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ ឯកឧត្ដម ភី​ធើ ស៊ី​ចា​តូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ហុង​គ្រី នៅ​កម្ពុជា នា​ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​

​ឯកឧត្ដម ភី​ធើ ស៊ី​ចា​តូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ហុង​គ្រី បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មកដល់​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈពេល​១​ថ្ងៃ ដែលជា​ការ​តប​តាម​ការអញ្ជើញ​របស់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​បាន​ឱ្យដឹងថា ក្នុង អំឡុងពេល​មក​ដល់ក​ម្ពុ​ជា ឯកឧត្ដម ភី​ធើ ស៊ី​ចា​តូ នឹង​ចូលជួប​សម្តែង​ការគួរសម​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កម្ពុ​ជា​។ ក្រោយ​ជំនួប​សម្តែង​ការគួរ​សមនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​បី ដែល​ក្នុងនោះ​រួ​មាន ១- កិច្ចព្រមព្រៀង​ស្តីពី​សេវា​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ចរណ៍​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី​។ ២- អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការគ្រប់គ្រង​ធនធានទឹក រវាង​ក្រសួង​ធនធានទឹក និង​ឧតុ​និយមនៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងមហាផ្ទៃ​ហុង​គ្រី​។ ៣- អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងកសិកម្ម​ហុង​គ្រី​។

សេចក្ដីប្រកាស​ព័ត៌មាន​ក៏បាន​ឱ្យដឹង​ដែរ​ថា ឯកឧត្ដម ភី​ធើ ស៊ី​ចា​តូ នឹងមាន​ជំនួប​ប្រជុំ​ផ្លូវការ​ជាមួយ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​នានា ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ប្រយោជន៍​និង​កង្វល់​រួម និង​បន្ត​ដោយ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ផងដែរ​។​ទន្ទឹមនេះ ឯកឧត្ដម ភី​ធើ ស៊ី​ចា​តូ នឹងមាន​ជំនួប​ដោយឡែក​ពីគ្នា ជាមួយ ឯកឧត្ដម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ឯកឧត្ដម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង ឯកឧត្ដម សួស យ៉ា​រ៉ា សមាជិកសភា​កម្ពុជា​ផងដែរ​។ ក្នុងអំឡុង​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ឯកឧត្ដម ភី​ធើ ស៊ី​ចា​តូ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​ការិយាល័យ​នៃ​ស្ថានទូត​ហុង​គ្រី នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ ឯកឧត្ដម ភី​ធើ ស៊ី​ចា​តូ រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ហុង​គ្រី នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្ត​ពង្រីក និង​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​ដ៏​ជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ កម្ពុជា​និង​ហុង​គ្រី​៕ ដោយ​៖ ជឹម ណា​រី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​