រដ្ឋលេខាធិការ​ក្រសួង​អប់រំ នាំយក​អំណោយ​សម្ដេច​ក្រ​ឡា​ហោម ស ខេង ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ខេត្តបាត់ដំបង​

AKP បាត់ដំបង ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០–
​នៅ​ថ្ងៃ​២​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០​ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខត្ត និង ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​នាំយក​អំណោយ​របស់​សម្តេច​ក្រឡាហោម ស ខេង ចែកជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ចំនួន ១.០០០​គ្រួសារ ដែល​មកពី​ស្រុក​ចំនួន​៣ ក្នុងនោះ ស្រុក​កំរៀង ៤០០​គ្រួសា​រុំ ស្រុក​ភ្នំព្រឹក ៣០០​គ្រួសា​រុំ និង​ស្រុក​សំពៅ​លូន ៣០០​គ្រួសារ ដែល​នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ។​

​ក្នុងឱកាស​នោះ ឯកឧត្តម ស សុខា បាន​មានប្រសាសន៍ ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​ក្រឡា ហោម សខេង ដែល​លោក​តែងតែមាន​ការគិតគូរ​ទៅដល់​សុខទុក្ខ​ប្រជាពលរដ្ឋ ដែល​កំពុងតែជួបប្រទះ​នូវ​គ្រោះទឹកជំនន់​កន្លងទៅ​ថ្មីៗ​នេះ ។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​បន្តទៀតថា ទឹកជំនន់​នេះ​មិន​ត្រឹម​កើត​តែ​នៅក្នុង​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ​ទេ គឺ​កើតឡើង​នៅ​សឹង​បណ្ដា​ប្រទេស​ជុំវិញ​ប្រទេស​កម្ពុជា ជាពិសេស​ប្រទេស​វៀតណាម ដែល​ជួបប្រទះ​គ្រោះទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​រង​ផលប៉ះពាល់​ពី​ព្យុះ​ជាច្រើន បោកបក់​មកកាន់​ប្រទេស​នេះ ហើយ​បាន​ជះឥទ្ធិពល​មកដល់​ប្រទេស​កម្ពុជា​យើង​ផងដែរ ។

ឯកឧត្តម បានធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បន្ទាប់ពី​ទឹក​ស្រក​ទៅវិញ សូម​ធ្វើការ​បង្កើន​ផល ដាំ​ដុះ​បន្ថែម ផ្នែក​ដំណាំ​កសិកម្ម បន្លែ​ដែល​ងាយ​នឹង​ដាំ និង​ងាយ​ទទួលបាន​ផល​ដើម្បី​ធ្វើការ​ស្ដារ​ជីវភាព​ប្រចាំថ្ងៃ ជាពិសេស​ត្រូវ​ស្ដាប់​តាម​ការណែនាំ​របស់​មន្ដ្រី​ជំនាញ ។​

​សូមបញ្ជាក់​ផងដែរ​ថា ចំពោះ​អំណោយ​ដែល​ចែកជូន​នាពេលនេះ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ ២០​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១​យួរ​, ទឹក​ស៊ី​អី​វ​១​យួរ​, ត្រីខ​១​យួរ​, និង​ទឹកបរិសុទ្ធ ផងដែរ ៕​ដោយ​៖​ណ​យ នឿន សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​