សហរដ្ឋអាមេរិកបន្តប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ប្រទេសឥណ្ឌូណេស៊ី

AKP ភ្នំពេញថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២០​ — រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno LP Marsudi បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីបានរក្សាឋានៈរបស់ខ្លួនក្នុងនាមជាអ្នកទទួលផលពីប្រព័ន្ធអនុគ្រោះពន្ធ (GSP) របស់សហរដ្ឋអាមេរិក បន្ទាប់ពីដំណើរទស្សនកិច្ចនៅទីក្រុងហ្សាការតាកាលពីពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo ។

លោកស្រី Retno បាននិយាយថា ការបន្ត GSP សម្រាប់ការនាំចេញរបស់ឥណ្ឌូណេស៊ីទៅកាន់សហរដ្ឋអាមេរិក គឺជាសេចក្តីសម្រេចមួយដែលត្រូវបានធ្វើឡើងជាផ្លូវការកាលពីថ្ងៃទី ៣០ ខែតុលា ដោយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ដែលជាទម្រង់ជាក់ស្តែងនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

សារព័ត៌មានហ្សាការតាប៉ុស្តិ៍បានរាយការណ៍ថា ឥណ្ឌូណេស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១២០ ដែលបានទទួលអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធដែលជាកម្មវិធីពាណិជ្ជកម្មដ៏ចាស់ជាងគេ និងធំជាងគេបំផុតរបស់សហរដ្ឋអាមេរិក។ វាបានលុបបំបាត់ការបង់ពន្ធទៅលើផលិតផលរាប់ពាន់មុខដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងចំណោមប្រទេស និងទឹកដីដែលទទួលបានផលប្រយោជន៍ពីវា។

GSP នេះត្រូវបានផ្តល់ទៅឱ្យប្រទេសកំពុងអភិវឌ្ឍន៍នៅលើពិភពលោកចាប់តាំងពីឆ្នាំ ១៩៧៤ មក ហើយប្រទេសឥណ្ឌូណេស៊ីបានទទួលផលប្រយោជន៍ពី GSP ពីសហរដ្ឋអាមេរិកជាលើកដំបូងនៅក្នុងឆ្នាំ ១៩៨០។

នៅក្នុងឆ្នាំ ២០១៨ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោកនឹងពិនិត្យមើលឡើងវិញនូវអត្ថប្រយោជន៍ GSP ដែលផ្តល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន ដោយក្នុងនោះមានប្រទែសឥណ្ឌូណេស៊ីផងដែរ ដែលសហរដ្ឋអាមេរិកមានឱនភាពពាណិជ្ជកម្មជាមួយ។ ទីក្រុងហ្សាការតាបានព្យាយាមបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកដោយសង្ឃឹមថានឹងរក្សាសិទ្ធិពាណិជ្ជកម្មរបស់ខ្លួន។ ប្រទេសឥណ្ឌា និងថៃ បានបាត់បង់សិទ្ធិឯកសិទ្ធិពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកកាលពីខែតុលាឆ្នាំមុន។

លោកស្រី Retno បាននិយាយបន្តថា ការពន្យាពេលនេះនឹងនាំមកនូវផលប្រយោជន៍វិជ្ជមានមិនត្រឹមតែចំពោះឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ក្រុមហ៊ុនអាជីវកម្មរបស់សហរដ្ឋអាមេរិកផងដែរ។

ក្នុងដំណើរឆ្ពោះទៅមុខ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាដើម្បីស្វែងរកកិច្ចពិភាក្សាដ៏ទូលំទូលាយ និងអចិន្រ្តៃយ៍នៃភាពជាដៃគូពាណិជ្ជកម្មរវាងឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)