អូស្ត្រាលីប្រកាសជំនួយស្ដីពីថ្នាំវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព និងគម្រោង សន្តិសុខសុខាភិបាលក្នុងតំបន់ ដល់កម្ពុជា និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០

រដ្ឋាភិបាលអូស្តា្រលីបានប្រកាសអំពីគំនិតផ្ដួចផ្ដើមថ្មីមួយ ក្នុងទឹកប្រាក់ចំនួន ៥០០​លាន​ដុល្លារអូស្តា្រលី ស្ដីពីការទទួលបានវ៉ាក់សាំង និងគម្រោងសន្តិសុខសុខាភិបាលក្នុងតំបន់ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងងប៉ាស៊ីហ្វិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន​របស់​ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចេញផ្សាយថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។

​ក្នុងសេចក្ដីប្រកាសបានលើកឡើងថា គំនិតផ្ដួចផ្ដើមនេះ នឹងចូលរួម​ចំណែក​យ៉ាង​ធំធេង ក្នុងការឆ្លើយតបទៅនឹងតម្រូវការថ្នាំវ៉ាក់សាំង ក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងនេះ​ក៏នឹងរួមបញ្ចូលទាំងលទ្ធកម្ម និងការផ្ដល់ជូនកម្រិតថ្នាំវ៉ាក់សាំង ការវាយតម្លៃសុវត្ថិភាព​និងប្រសិទ្ធភាពថ្នាំវ៉ាក់សាំង និងការគាំទ្របច្ចេកទេសសម្រាប់គោលនយោបាយ និងផែន​ការការចាក់ថ្នាំបង្ការ។

លោកជំទាវសមាជិកព្រឹទ្ធសភា Hon Marise Payne រដ្ឋមន្ត្រីក្រសួងការបរទេស និង​ជា​រដ្ឋមន្ត្រី​ក្រសួងកិច្ចការនារីអូស្ត្រាលីមានប្រសាសន៍ថា «សម្រាប់ប្រទេសក្នុងតំបន់យើង មិនមានអាទិភាពអ្វីខ្ពស់ជាងការទទួលបានថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩នោះឡើយ»។លោកជំទាវបន្តថា «ការទទួលបានវ៉ាក់សាំងទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព នៅ​តំបន់ប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍ នឹងមានន័យថា យើងទាំងអស់អាចត្រឡប់មកកាន់​ភាពធម្មតា ក្នុងការធ្វើដំណើរ វិស័យទេសចរណ៍ និងពាណិជ្ជកម្ម ជាមួយដៃគូសំខាន់ៗ​របស់យើង​នៅក្នុងតំបន់»។

ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្តា្រលីប្រចាំកម្ពុជាបានថ្លែងថា «នេះគឺជា​សេចក្ដីប្រកាសដ៏សំខាន់មួយ ដែលពង្រីកការចូលរួមយ៉ាងជ្រៅរួចទៅហើយ របស់​អូស្ត្រាលី​ក្នុងវិស័យសុខាភិបាលនៅកម្ពុជា និងដើរតួនាទីដ៏សំខាន់មួយក្នុងកិច្ចប្រឹង​ប្រែង​របស់កម្ពុជា ដើម្បីធានាការទទួលបានជាសកល នៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែល​អនុញ្ញាត​ដោយអង្គការសុខភាពពិភពលោក»។

ក្នុងសេចក្ដីប្រកាសព័ត៌មានក៏បានបញ្ជាក់ដែរថា គំនិតផ្ដួចផ្ដើមនេះ បន្ថែមទៅ​លើការប្ដេជ្ញាចិត្ត ក្នុងទឹកប្រាក់៨០លានដុល្លារអូស្ត្រាលី របស់ប្រទេសអូស្តា្រលី តាមរយៈ​ការប្ដេជ្ញាចិត្តទីផ្សារនៃយន្តការ COVAX (COVAX Facility Advance Market Commitment) ដែលត្រូវបានបង្កើតឡើង ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ ទទួលបានចំនួន​កម្រិតថ្នាំវ៉ាក់​សាំង អាចឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមមនុស្ស ដែលមានហានិភ័យខ្ពស់ជាងគេ។

ឯកឧត្ដមឯកអគ្គរដ្ឋទូតបានបន្ថែមថា ជំនួយគាំទ្រស្ដីពីវ៉ាក់សាំងនេះ គឺជាការបន្ថែម​ទៅលើជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលី ដែលកំពុងតែដំណើរការ សម្រាប់ការឆ្លើយតប និង​ស្ដារ​សេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយជំងឺកូវីដ១៩។ ជាមួយគ្នានេះ អូស្ត្រាលីប្ដេជ្ញាចិត្តគាំទ្រ​កម្ពុជា ក្នុងការទទួលបានដោយស្មើភាពគ្នានូវវ៉ាក់សាំងដែលមានសុវត្ថិភាព និងមានតម្លៃ​សមរម្យ៕

ដោយ ជឹម ណារី