កម្ពុជាក្លាយជាប្រធានក្រុមការងារ SOMRI ស្តីពីព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងការបណ្តុះបណ្តាល សម្រាប់ឆ្នាំ ២០២០-២០២២

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ —

ប្រទេសកម្ពុជាបានក្លាយជាប្រធានក្រុមការងារស្តីពីព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងការបណ្តុះបណ្តាល នៃកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកផ្នែកព័ត៌មាន (SOMRI) សម្រាប់ឆ្នាំ២០២០-២០២២ ។

យោងតាមប្រសាសន៍ ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន អនុប្រធាន SOMRI និងជាប្រធានគណៈកម្មាធិការជាតិអាស៊ានស្តីពីវប្បធម៌ និងព័ត៌មាន (ASEAN-COCI) បានឱ្យដឹងថា ប្រទេសកម្ពុជាបានក្លាយជាប្រធានក្រុមការងារ SOMRI ស្តីពីព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងការបណ្តុះបណ្តាល ដោយស្វ័យប្រវត្តិ បន្ទាប់ពីបានស្ម័គ្រចិត្តកាន់តំណែងជាអនុប្រធានក្រុមការងារនេះ ក្នុងអាណត្តិមុន ដែលប្រធានក្រុមគឺប្រទេសហ្វីលីពីន ។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងនាមជាប្រធានក្រុមការងារនេះ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ និងសម្របសម្រួលការងារពាក់ព័ន្ធទាំងអស់ជាមួយលេខាធិការដ្ឋានអាស៊ាន (ASEC) ។ ឯកឧត្តមបានបន្តថា កម្ពុជាគ្រោងនឹងរៀបចំការប្រជុំមួយតាមប្រព័ន្ធអនឡាញនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ។

ឯកឧត្តម ហាស់ សំអាត សង្ឃឹមថា ប្រទេសឥណ្ឌូណេស៊ីនឹងទទួលតំណែងជាអនុប្រធានក្រុមការងារ SOMRI ស្តីពីព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងការបណ្តុះបណ្តាល ។

គួរបញ្ជាក់ថា អនុប្រធាន (ក៏ដូចជាប្រធាន) នៃក្រុមការងារនីមួយៗ គឺឈរលើមូលដ្ឋានស្ម័គ្រចិត្ត។។ ប្រសិនបើមិនមានអ្នកស្ម័គ្រចិត្តទេនោះ ប្រធានក្រុមការងារបន្ទាប់នឹងធ្វើតាមការវិលជុំទៅតាមលំដាប់អក្សរ នៃឈ្មោះប្រទេសដែលជាសមាជិក ។

ក្នុងពេលជាមួយគ្នានេះដែរ ប្រទេសវៀតណាមត្រូវបានតែងតាំងជាប្រធានក្រុមការងារ SOMRI ស្តីពីការផ្សព្វផ្សាយឌីជីថលអាស៊ាន ខណៈដែលប្រទេសប្រ៊ុយណេបានក្លាយជាប្រធានក្រុមការងារ SOMRI ស្តីពីខ្លឹមសារ និងផលិតកម្ម សម្រាប់ឆ្នាំ២០២០-២០២២ ដូចគ្នា ៕

ដោយ នីកា