ក្រសួងព័ត៌មាន ត្រៀមរៀបចំកិច្ចប្រជុំជាមួយសមាគមកាសែត វិទ្យុ ទូរទស្សន៍ នាពេលខាងមុខ ដើម្បីចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក

វិទ្យុជាតិកម្ពុជា: លោកស្រី ប៉ុង សុភាវី


ភ្នំពេញ: ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់ថា ក្រសួងព័ត៌មាន ត្រៀមរៀបចំកិច្ចប្រជុំជាមួយសមាគមកាសែត វិទ្យុ ទូរទស្សន៍ ដើម្បីចង់ដឹងនិងទទួលយកនូវសំណូមពរ របស់អ្នកកាសែត ។
ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា នៅពេលខាងមុខ កិច្ចការងារសំខាន់ៗដែលក្រសួងព័ត៌មាន ត្រូវធ្វើ គឺការត្រៀមចូលរួមវេទិកានិពន្ធនាយកប្រចាំឆ្នាំ ការរៀបចំកិច្ចប្រជុំជាមួយសមាគមកាសែត វិទ្យុ ទូរទស្សន៍ ដើម្បីចង់ដឹង និងទទួលយកនូវសំណូមពររបស់អ្នកកាសែតជារួម ហើយដាក់ជូនទៅសម្តេចតេជោនាយករដ្ឋមន្រ្តី ធ្វើការឆ្លើយតប និងដោះស្រាយនូវរាល់សំណូមពរទាំងឡាយ ដែលអ្នកសារព័ត៌មានបានលើកឡើង។ ឯកឧត្តម បានបញ្ជាក់ថា កន្លងមក ក្រសួងព័ត៌មាន មិនដែលធ្លាប់ទទួលបាននូវពាក្យប្តឹងពីអ្នកសារព័ត៌មានជាស្រ្តី ទាក់ទងទៅនឹងការបៀតបៀន នៅពេលបំពេញ កិច្ចការងាររបស់ខ្លួននោះទេ តែបើសិនជាមានកើតលើអ្នកសារព័ត៌មានជាស្រ្តីណាម្នាក់ ត្រូវដាក់ពាក្យប្តឹងមកក្រសួងព័ត៌មាន ឬក៏ប្តឹងផ្ទាល់ទៅតុលាការ និងក្រសួងកិច្ចការនារី ដើម្បីមានវិធានការដោះស្រាយ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីគ្រប់ផ្នែកនៃក្រសួងព័ត៌មាន ដែលបានប្រឹងប្រែងបន្តបំពេញកិច្ចការងារ នៅក្នុងកំឡុងនៃការឈប់សម្រាករយះពេលប៉ុន្មានថ្ងៃមកនេះ ដោយមិនមានការរាំងស្ទះក្នុងការផ្សព្វផ្សាយ ព័ត៌មាន និង កម្មវិធីកម្សាន្តផ្សេងៗ នោះឡើយ។ ទាំងនេះ បានបង្ហាញឱ្យឃើញពីសាមគ្គីភាព កិច្ចសហការល្អ និងការយកចិត្តទុកដាក់ បំពេញកិច្ចការងារ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និង មានកម្រិតវិជ្ជាជីវៈច្បាស់លាស់ ។ ជាមួយនេះ មន្ទីរ ព័ត៌មាន តាមបណ្តាខេត្ត ក៏បានផ្ញើនូវព័ត៌មានជាច្រើន មកផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋ នៅតាម បណ្តាខេត្ត ក្រុងផ្សេងៗ បានឮនិងបានឃើញ ពីទិដ្ឋភាព និងពីកន្លែងកម្សាន្តសប្បាយនានាជាច្រើនដែលប្រជាពលរដ្ឋទៅលេង។ ដូច្នេះ បញ្ជាក់ឱ្យ ឃើញថា ប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ទាំងវិទ្យុ ទូរទស្សន៍ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP កាន់តែដំណើរការទៅបាន យ៉ាងល្អ ហើយទទួលបានការគាំទ្រ ព្រមទាំងមានអ្នកស្តាប់និងទស្សនាកាន់តែច្រើនឡើងថែមទៀត៕