ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីសាលាអនុគណក្រុងកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃចន្ទ ២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមុខសាលសន្និសីទសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំនៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលគ្រឿង ឧបភោគបរិភោគរួមមាន៖ អង្ករ ១.០៨០គីឡូក្រាម មី១០០កេស ទឹកត្រី ២២យួរ ទឹកស៊ីអ៊ីវ ២២យួរ ទឹកក្រូច ០៧កេស និងថវិកា១លានរៀល ពីសាលាអនុគណក្រុងកំពង់ចាម ដែលដឹកនាំដោយព្រះបដ្ឋនវង្សាចារ្យ សា វីរៈ ព្រះអនុគណក្រុងកំពង់ចាម និងជាព្រះចៅ អធិការវត្តខេមវ័នបឹងស្នាយ ក្រុងកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានសម្តែងនូវអំណរព្រះគុណ ដល់ថ្នាក់ដឹកនាំនៃសាលាអនុគណក្រុងកំពង់ចាម ព្រមទាំងព្រះចៅអធិការវត្តទាំង៤ ក្នុងក្រុង កំពង់ចាម រួមនិងមន្រ្តីសង្ឃ គណៈកម្មការវត្ត ដែលបានបរិច្ចាគនូវគ្រឿងឧបភោគ បរិភោគ ទាំងនេះ មកដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដើម្បីចូលរួមនូវសកម្មភាព មនុស្សធម៌ ទាំងនេះបានបង្ហាញនូវកាយវិការដ៏ប្រពៃ ដែលជាទឹកព្រះទ័យដ៏ សប្បុរសជ្រះថ្លា ក្នុងការ ចូលរួមរបស់ព្រះសង្ឃក្នុងវិស័យអាណាចក្រ ជាមួយសកម្មភាព មនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ទៀតថា គ្រឿងឧបភោគបរិភោគទាំងនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅមនុស្សធម៌ នៅពេល ដែលប្រជាពលរដ្ឋយើងទទួលរងនូវគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយ ដោយអនុវត្តទៅតាមគោលការណ៍ គ្រឹះទាំង៧ប្រការរបស់ចលនា កាកបាទក្រហម ៕

ដោយ៖ឆាយម៉ុត

សម្រួលផ្សាយ៖ កន ចំណាន