មហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំ២០២០ នឹងបើកនៅថ្ងៃទី០៦ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា នៅរោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើបអ៊ីអន២

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០
មូលនិធិជប៉ុនរួមសហការជាមួយស្ថានទូតជប៉ុនក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមជ្ឈ មណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នឹងរៀបចំមហោស្រពភាពយន្តជប៉ុនប្រចាំ ឆ្នាំ២០២០ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ និងថ្ងៃទី១៤ និងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នៅរាជធានីភ្នំពេញ (រោងភាពយន្តMajor Cineplex ក្នុងផ្សារទំនើបអ៊ីអន២ និងរោងភាពយន្ត Legend សួនអេដែន)។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានគូសបញ្ជាក់ថា កម្មវិធីបើកមហោស្រពភាពយន្តនេះនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២០ ចាប់ពីម៉ោង៣រសៀលទៅ នៅរោងភាពយន្តMajor Cineplex ក្នុងផ្សារទំនើបអ៊ីអន២ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក គឹសាកាបិ យ៉ូស៊ឹកិ នាយកនៃមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន ការិយាល័យ ទំនាក់ទំនងនៅទីក្រុងភ្នំពេញ និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ ជាមួយគ្នានេះ ភាពយន្តដែលត្រូវចាក់បញ្ចាំងសម្រាប់កម្មវិធីបើកគឺមានចំណងជើងថាTalking The Pictures។

ក្នុងអំឡុងពេលមហោស្រពមានភាពយន្តជាច្រើនប្រភេទត្រូវបានសម្រិតសម្រាំង សម្រាប់ការចាក់បញ្ចាំងនៅរោងភាពយន្តល្បីៗនេះ ភាពយន្តទាំងនោះ ក៏រួមមានភាពយន្តបែបមនោសញ្ចេតនាស៊ើបអង្កេតគំនូរជីវចលវាយប្រហារ និងកំប្លែងជាដើម។ ទន្ទឹមនេះ ភាពយន្តដែលនឹងត្រូវចាក់បញ្ចាំងទាំងនេះឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅរបស់ប្រជាជនសង្គម និងវប្បធម៌ជប៉ុនហើយមហោស្រពនេះក៏ផ្តល់ឱកាសដ៏ល្អមួយសម្រាប់អ្នកទស្សនា អាចស្គាល់ពីប្រទេស និងប្រជាជនជប៉ុន។ ចំពោះភាពយន្តជប៉ុនចំនួន១៣រឿងនឹងត្រូវចាក់បញ្ចាំងជាមួយចំណងជើងរងជាភាសាខ្មែរ និងភាសាអង់គ្លេស (សម្រាប់រឿងគំនូរ ជីវចលនមានការបញ្ចូលសំឡេងជាភាសាខ្មែរ)។សម្រាប់តារាងកាលបរិច្ឆេទនៃការចាក់បញ្ចាំងមានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកមហោស្រពភាពយន្តជប៉ុន ហើយការចូលរួម គឺដោយសេរីនិងឥតគិតថ្លៃ។

សូមបញ្ជាក់ថា មហោស្រពភាពយន្តជប៉ុនត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៥មក ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុននិងកម្ពុជា៕ដោយ រិទ្ធី