រដ្ឋមន្រ្តីក្រសួងអប់រំ បន្តក្រើនរំលឹកដល់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ
     

MC៖ រដ្ឋមន្រ្តីក្រសួងអប់រំ  បន្តក្រើនរំលឹកដល់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ព្រមទាំងធានាបាន នូវនិរន្តរភាពនៃ ការសិក្សារបស់សិស្សានុសិស្ស ខណៈដែលគ្រឹះស្ថានសិក្សានៅទូទាំងប្រទេស បានបើកដំណើរការសិក្សាក្នុងដំណាក់កាល ទី៣ ចាប់ពីថ្ងៃនេះតទៅ។   

ក្រសួងអប់រំ យុវជន និង កីឡា បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីកម្ពុជាបានរកឃើញករណីផ្ទុកកូវីដ-១៩ជាបន្តបន្ទាប់ និងបានប្តូរការសិក្សាឱ្យសិស្សានុសិស្សរៀនតាម ប្រព័ន្ធអនឡាយ។ ប៉ុន្តែបន្ទាប់ពីស្ថានការណ៍កូវីដ-១៩ មានភាពធូរស្រាល ក្រសួងអប់រំក៏បានអនុញ្ញតឱ្យដំណើរការ សាលារៀនឡើងវិញជា ៣ ដំណាក់កាល ក្នុងក្របខណ្ឌនៃគោលការណ៍ប្រតិបត្តិស្តង់ដារ និងការរក្សាគន្លាតបុគ្គល ដោយដំណាក់កាលទី១ បានអនុញ្ញាតឱ្យសាលារៀនឯកជន មានស្តង់ដារខ្ពស់ចំនួន២០ដំណើរការ  ឯដំណាក់កាលទី២ អនុញ្ញាតឱ្យសិស្សថ្នាក់ទី៩ និងទី១២ ចូលសិក្សាវិញ និងដំណាក់កាលទី៣នេះ គឺអនុញ្ញាតឱ្យសិស្សគ្រប់កម្រិតថ្នាក់ចូលសិក្សា ដើម្បីអនុវត្តបន្តនូវឆមាសទី២ ដល់ដំណាច់ខែធ្នូ។

`  ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងដំណើរការបើកសាលាឡើងវិញក្នុងដំណាក់ទី៣  ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡាបានឱ្យដឹងថា ការបើកសាលានៅដំណាក់កាលទី៣នេះ  ដោយសារក្រសួងមើលឃើញ ថា ការបើកដំណាក់កាលទី២ទទួលបានជោគជ័យ ដោយសាលានីមួយៗអនុវត្តន៍បានល្អប្រសើរ តាមវិធាននិងគោលការណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញកន្លងទៅ។  ឯកឧត្តមបានបន្ដថា ក្នុងស្មារតីបន្តការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ព្រមទាំងធានាបាននូវនិរន្តរភាពនៃការសិក្សារបស់សិស្សានុសិស្ស ហេតុដួចនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត គ្រឹះស្ថានសិក្សាសាធារណៈ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្ត តាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដំណើរការសិក្សានៅដំណាក់កាលទី៣នេះឱ្យមានប្រសិទ្ធភាព 

ឯកឧត្តម​បញ្ជាក់​ថា​ «អ៊ីចឹងយើងឃើញថា ការរៀននៅក្នុងថ្នាក់រៀនគឺវាសំខាន់ ដើម្បីឱ្យសិស្សអាចស្តាប់គ្រូពន្យល់ហើយសួរ នៅសំណួរបាន អ៊ីចឹងគឺវាអាចបំពេញនូវអ្វីដែលយើងខ្វះខាត នៅពេលដែលយើងបានបិទសាលាកន្លងមកនេះ។ ហើយក្រសួងក៏មានការបារម្ភ ចំពោះការបើកដំណើរការឡើងវិញនេះ ហេតុដូចនេះខ្ញុំសូមអំពាវនាវឱ្យអាជ្ញាធរ ក៏ដូចជាគណៈគ្រប់គ្រងសាលារៀនទាំងអស់ ទាំងរដ្ឋនិងឯកជន សូមបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការដែល ក្រសួងបានដាក់ចេញ ដើម្បីធានានូវសុវត្ថិភាព ដោយត្រូវកំណត់ចំនួនសិស្សមិនឱ្យលើសពី ស្តង់ដារដែលយើងបាន ដាក់ចេញ»។ 

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួងតម្រូវឱ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ត្រូវដាក់សិស្សក្នុង១ថ្នាក់ មិនឱ្យលើសពី៣០នាក់ ត្រូវអនុវត្តការបង្រៀននិងរៀនលើមុខវិជ្ជាសិក្សាគោលចំនួនពីរ  គឺភាសាខ្មែរនិងគណិតវិទ្យា ហើយសម្រាប់មុខវិជ្ជាផ្សេងទៀតត្រូវព្យួរសិន ដោយនឹងត្រូវរៀនបំពេញបន្ថែមនៅដើមឆ្នាំសិក្សាបន្ទាប់ ។ ជាងនេះទៀតត្រូវរៀនចំនួន៥ម៉ោងក្នុងមួយថ្ងៃ និងអនុវត្តការបង្រៀននិងរៀន៣ថ្ងៃ ក្នុងមួយសប្តាហ៍ ដោយបែងចែក សិស្សជាពីរក្រុមក្នុងមួយថ្នាក់  ដែលក្នុងមួយក្រុមមិនលើសពី ៣០នាក់  និងអនុវត្តតាមការសិក្សា តាមបែបចម្រុះ ដូចក្នុងដំណាក់កាលទីពីរ ។ ដោយឡែកសម្រាប់គ្រឹះស្ថានមធ្យមសិក្សាថ្នាក់ទី៩ និងទី១២  ត្រូវបន្តអនុវត្តដូចក្នុង ដំណាក់កាលទី២  ។ ចំណែកថ្នាក់ទី៧ ទី៨ ទី ៩ និងទី១១ ត្រូវអនុវត្តការបង្រៀននិងរៀន៣ថ្ងៃ ក្នុងមួយសប្តាហ៍ ដែលក្នុងមួយបន្ទប់មានសិស្សមិនលើសពី៣០នាក់ នឹងអនុវត្តការសិក្សាតាមបែបចម្រុះ  ដោយផ្ដោតលើមុខវិជ្ជាសិក្សាគោល យ៉ាងតិច៦មុខវិជ្ជា ស្របតាមស្ថានភាពជាក់ស្ដែងនៃចំនួនបន្ទប់រៀន៕​