រយៈពេល៣ថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក មានភ្ញៀវទេសចរសរុបជាង៦ពាន់នាក់ទៅលេងកម្សាន្ដខេត្តរតនគិរី

 

វិទ្យុជាតិកម្ពុជា៖ហាន់ ស្រីណា ០២.១០.២០

MC:  រយៈពេល៣ថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក មានភ្ញៀវទេសចរសរុបជាង៦ពាន់នាក់ មកលេងកម្សាន្ដ ក្នុងខេត្តរតនគិរី  ទោះបីឆ្នាំនេះពុំមានការប្រារព្ធពិធីអុំទូកជាផ្លូវការនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តក៏ដោយ។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានបញ្ជាក់ថា ក្នុងឱកាសថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ  មានភ្ញៀវទេសចរសរុបជាង៦ពាន់នាក់ មកលេងកម្សាន្ដនៅខេត្ត រតនគិរី ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន៣៨នាក់ ។  លោកបន្ដថា ដោយពុំមានការប្រារព្ធពិធីអុំទូកជាផ្លូវការ នៅរាជធានីភ្នំពេញ ហើយតាមបណ្តាខេត្ត ក៏មិនមានការរៀបចំពិធីបុណ្យអុំទូកដូចរាល់ឆ្នាំ បញ្ហាជំងឺរាតត្បាតកូវីដ-១៩ និងជំនន់ទឹកភ្លៀងផង បានធ្វើឱ្យចំនួនភ្ញៀវទេសចរ មានការថយចុះជាង៦០ភាគរយបើធៀបឆ្នាំមុន ។ 

លោក​បញ្ជាក់​ថា​ «សម្រាប់រយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកសម្រាប់ខេត្តរតនគិរីយើងទទួលបានភ្ញៀវប្រមាណជាង ៦ ពាន់នាក់ ក្នុងនោះយើងទទួលបានភ្ញៀវទេសចរជាង ៦ពាន់នាក់ក្នុងនោះមានភ្ញៀវអន្តរជាតិ ៣៨ នាក់បើយើងធៀបទៅនឹងឆ្នាំ ២០១៩កន្លងទៅគឺភ្ញៀវទេសចរមានការធ្លាក់ចុះ ៦០ភាគរយដោយសារបញ្ហាការរីករាលដាលនៃជំងឺកូវីដ ឆ្នាំទៅមិញរដ្ឋបាលខេត្តរតនគិរី ដែលមានឯកឧត្តមអភិបាលនៃគណៈអភិបាល ឯកឧត្តម ថោង សាវុធ ឯកឧត្តមបានរៀបចំបុណ្យអុំទូកនៅក្នុងខេត្តរតនគិរី ដោយឡែកឆ្នាំនេះយើងមិនបានរៀបចំពិធីបុណ្យអុំទូកទេ។ ដូច្នោះហើយការដើរកម្សាន្តរបស់ភ្ញៀវទេសចរយើងឃើញថាមានការធ្លាក់ចុះ»។

លោកបញ្ជាក់ថា   តំបន់សក្កានុពលសម្រាប់ទាក់ទាញភ្ញៀវទេសចរ មិនចេះរីងស្ងួតមានចំនួន១៤ កន្លែង ដូចជា បឹងយក្សឡោម ,ទឹកជ្រោះកាចាញ ,ភ្នំឥស្សីបតមៈ, ទឹកជ្រោះចាអ៊ុង ,វាលថ្មរំប្លង់ ,ទឹកជ្រោះកាទៀង ,ទឹកជ្រោះអូរស៊ិនលែរ៍, ទឹកជួរតាតតៃ, បឹងលំកុដយក្ស ,ឱមយក្សការ៉ា ជម្រកសត្វព្រៃ, ឧទ្យានជាតិវីរជ័យ ,ទឹកជួរទឹងនិងកោះសំពៅ ដែលសុទ្ធសឹងតែជាតំបន់ ដែលមានធម្មជាតិមិនអាចកាត់ថ្លៃបាន។

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២០នេះ នៅតាមទីអារាមតាមបណ្តាស្រុក មួយចំនួន ក៏បានរៀបចំពិធីសំពះព្រះខែ និងអកអំបុក បង្កភាពសប្បាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕​