ភ្ញៀវទេសចរជាង២ម៉ឺននាក់ បានទៅលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរី ក្នុងថ្ងៃឈប់សម្រាក ព្រះរាជពិធីគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រ និងពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា៖ ស្រីផល


MC៖ ភ្ញៀវទេសចរជាង២ម៉ឺននាក់ បានទៅលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរី ក្នុងថ្ងៃឈប់សម្រាក បើទោះបីជាឆ្នាំនេះ មិនមានការប្រារព្ធពិធីបុណ្យអុំទូកក៏ដោយ។
លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះមហាក្សត្រ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី ជាង២ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន១៩៨នាក់។ លោកបានបន្តថា ចំពោះតំបន់មួយចំនួននៅក្នុងខេត្ត ដែលភ្ញៀវទៅលេងកម្សាន្តរួមមាន មានទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ សមុទ្រឈើ និងទឹកធ្លាក់រម្យនា ជាដើម។
ជាមួយគ្នានោះ លោក បញ្ជាក់ថា ខាងមន្ទីរ រួមទាំងមន្រ្តីពាក់ព័ន្ធ ក៍បានចុះអប់រំផ្សព្វផ្សាយដល់ម្ចាស់អាជីវករ និងម្ចាស់សេវាកម្មគ្រប់ប្រភេទ ធ្វើយ៉ាងណារក្សាតម្លៃ គុណភាព និងអនាម័យ ចំពោះចំណីអាហារ ដើម្បីបម្រើដល់ ភ្ញៀវទេសចរដែលមកលេងកម្សាន្ត ។
លោក​បញ្ជាក់ថា​៖ យើងផ្សព្វផ្សាយជាប្រចាំ មិនមែនចាំតែដល់បុណ្យទានទេ គឺផ្សព្វផ្សាយអំពីវិធានសុវត្ថិភាពទេសចរណ៍ យើងផ្សព្វផ្សាយទៅតាមផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន សហគមន៍ ហើយនិងសេវាកម្ម ដឹកជញ្ជូនអីហ្នឹង គឺយើងផ្សព្វផ្សាយដើម្បីឱ្យពួកគាត់រៀបចំ ។ជាពិសេសគឺ រៀបចំឲ្យមានអាល់កុល មានជែល មានម៉ាស់ សម្រាប់ភ្ញៀវពេលដែលគេចូលទៅកន្លែងរមណីយដ្ឋានរបស់គាត់។ គឺយើងផ្សព្វផ្សាយ ឱ្យគាត់រៀបចំសម្រាប់ភ្ញៀវ ដោយដាក់នៅខាងមុខផ្លូវចូល នេះជាចំណុចសំខាន់ ហើយការរៀបចំអនាម័យនៅក្នុងបន្ទប់ទឹក ម្ហូបអាហារ គឺណែនាំឱ្យធ្វើអនាម័យ ជាពិសេសតម្លៃ គឺលក់ឱ្យសមរម្យ នេះគឺជាអ្វីដែលយើងចុះផ្សព្វផ្សាយ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ជាការកត់សម្គាល់ ដោយសារបញ្ហាជំនន់ទឹកភ្លៀង បានធ្វើឱ្យចំនួនភ្ញៀវទេសចរនៅក្នុងខេត្តនេះ មានការថយចុះប្រហែលជា៤០%បើធៀបនិងឆ្នាំមុន៕​