រដ្ឋបាលជលផលចាប់ផ្តើមសាងសង់ស្ថានីយស្រាវជ្រាវនិងផលិតកូនត្រីពូជដ៏ធំជាលើកដំបូង នៅខេត្តស្ទឹងត្រែង

វិទ្យុជាតិកម្ពុជា៖ លោក គឹមហឿន  ស្ទឹងត្រែង

MC៖ រដ្ឋបាលជលផលចាប់ផ្តើមសាងសង់ស្ថានីយស្រាវជ្រាវនិងផលិតកូនត្រីពូជដ៏ធំជាលើកដំបូង នៅខេត្តស្ទឹងត្រែង ដោយគ្រោងចំណាយថវិការបស់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គដំណាក់កាលទី៣ ចំនួន ១លានដុល្លារ នៅលើផ្ទៃដីជាង១០ហិកតា       

      ក្នុងពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី នៅចំណុចអូរខ្លុង ភូមិ-ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ថ្ងៃទី០២វិច្ឆិកានេះ លោក ឆេង​ ផែន អគ្គនាយករងរដ្ឋបាលជលផល និងជានាយកគម្រោងមេគង្គ មានប្រសាសន៍ថា មជ្ឈមណ្ឌលនេះគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១។

    លោកបន្តថា៖ នៅពេលបង្កើតបានស្ថានីយនេះរួច យើងអាចផ្ទេរបច្ចេកទេសឱ្យដល់កសិករ ទាំងការផលិតកូនត្រី ក៍ដូចជា ការចិញ្ចឹមត្រីសាច់ ដោយផ្តោតជាសំខាន់ទៅលើការបណ្តុះបណ្តាលកសិករឱ្យក្លាយទៅជាគ្រូ និងជាភ្នាក់ងារផ្សព្វផ្សាយ វារីវប្បកម្មឱ្យមាននៅតាមមូលដ្ឋាន។           

       លោកអះអាងថា ទាំងការផលិតកូនត្រី ការផលិតត្រីសាច់  ការរៀបចំកន្លែងភ្ញាស់ពូជត្រីសំខាន់ៗនៅស្ថានីយដ៏ធំមួយនេះ អាចបំពេញសេចក្តីត្រូវការនិងផ្គត់ផ្គង់កូនត្រីសម្រាប់ខេត្តនៅភូមិភាគឦសាន។

        លោក ទំ នី រ៉ូ ប្រធានខ័ណ្ឌជលផលស្ទឹងត្រែងបានឱ្យដឹងថា នេះជាការបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផល ទៅតាមច្បាប់ស្តីពីជលផលដើម្បីកាត់បន្ថយការធ្វើនេសាទហួសកម្រិត។ មួយចំណែកទៀត ផ្នែកជលផលអាចមានលទ្ធភាពជួយកែប្រែកសិករនិងអ្នកនេសាទ ដែលធ្លាប់តែពឹងផ្អែកលើធនធានធម្មជាតិ ឱ្យក្លាយទៅជាកសិករចិញ្ចឹមត្រីវិញ។

សូមបញ្ជាក់ថា ៖ នេះជាលើកទី១ហើយ ដែលខេត្តស្ទឹងត្រែងមានស្ថានីយស្រាវជ្រាវនិងផលិតកូនត្រីពូជ សម្រាប់ផ្តល់ បច្ចេកទេស និងចែកចាយពូជត្រីទៅវារីវប្បកម្មជាលក្ខណៈគ្រួសារ ឈានទៅធ្ចើជាម្ចាស់ក្នុងការផលិតកូនត្រី និងធ្វើជាអ្នក ចែកចាយពូជត្រីទៅតាមបណ្តាខេត្តនិងទៅប្រទេសជិតខាងវិញ  ៕​