សម្តេចប្រមុខរដ្ឋស្តីទី ផ្ដល់អនុសាសន៍ចំនួន៧ចំណុចដល់ក្រុមនិស្សិតកម្ពុជា មុនពេលចេញទៅរៀន នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់

វិទ្យុជាតិកម្ពុជា ៖លោកជួន បូណា


ភ្នំពេញ៖ សម្តេចប្រមុខរដ្ឋស្តីទី ផ្ដល់អនុសាសន៍ចំនួន៧ចំណុចដល់និស្សិតអាហារូបករណ៍អូស្ត្រាលី និងនូវែលហ្សេឡង់ ដើម្បី លើកកម្ពស់សមត្ថភាពនិស្សិតផ្ទាល់ និងយកចំណេះដឹងមកចូលរួមអភិវឌ្ឍន៍សង្គមជាតិ។
ការផ្តល់អនុសាសន៍នេះ ធ្វើឡើងនៅពេលដែលសម្តេចបានអនុញាតិឱ្យក្រុមនិស្សិតអាហារូបករណ៍អូស្ត្រាលី និងនូវែលហ្សេឡង់ចូលជួបនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២០។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ណែនាំថាទី ១-ពេលក្មួយៗចេញទៅសិក្សាឆ្ងាយពីគ្រួសារ ពីប្រទេសជាតិ ដូចនេះការនឹករលឹកមនោសញ្ចេតនាចំពោះគ្រួសារ និងប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់បានទេ។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្មួយៗត្រូវតែព្យាយាមធ្វើយ៉ាងណាកុំឱ្យមនោសញ្ចេតនានៃការ នឹករលឹកនេះ ក្លាយទៅជាឧបសគ្គដែលរារាំងដល់ការសិក្សា ដូចនេះក្មួយៗត្រូវតែមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីជម្នះគ្រប់ឧបសគ្គ ខិតខំរៀនសូត្រឱ្យឈានដល់ការសម្រេចជោគជ័យនៅទីចុងបំផុត។
២-យកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឹងម៉ាត់នូវច្បាប់ ទម្លាប់ ប្រពៃណីរបស់ប្រទេសទាំងពីរ ធ្វើយ៉ាងណាខិតខំបង្ហាញឱ្យបានអំពី អត្តចរិត ថ្លៃថ្នូរ រាបសា ឧស្សាហ៍ព្យាយាម និងអត់ធ្មត់របស់ជនជាតិខ្មែរយើង។
៣-ត្រូវយកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាកលវិទ្យាល័យ គោរពថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដោយគោរពនូវការបង្ហាត់បង្រៀនរបស់លោកសាស្ត្រាចារ្យ ទៅតាមសុភាសិតខ្មែរយើងដែលបានទូន្មានកូនចៅ«ងើយស្កក ឱនដាក់គ្រាប់‌‍»។
៤-ខិតខំឱ្យអស់ពីកម្លាំកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ដើម្បីឈានទៅសម្រេចឱ្យបាននិទ្ទេសជានិស្សិតល្អ ជានិស្សិតឆ្នើម នៅពេលបញ្ចប់ការសិក្សា ដើម្បីសាកសមទៅនឹងសេចក្តីសង្ឃឹម ជំនឿជឿជាក់របស់សាកលវិទ្យាល័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី និងប្រទេសនូវែលហ្សេឡង់ផងដែរ។
៥-ត្រូវរក្សាខ្ជាប់នូវទំនាក់ទំនងជាមួយនឹងបណ្តាមិត្តជានិស្សិតរួមថ្នាក់ និងសាស្ត្រាចារ្យ មន្ត្រីបុគ្គលិករបស់សាកលវិទ្យាល័យ និងជាមួយប្រជាជននៃប្រទេសសាមី ដើម្បីផ្សព្វផ្សាយអំពីសភាពការណ៍ពិត ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់ សក្តានុពលដ៏ សម្បូរបែបរបស់ប្រទេសជាតិយើង ក្នុងគោលបំណងដើម្បីឱ្យគេយល់កាន់តែច្បាស់ ហើយឱ្យគេជួយផ្សព្វផ្សាយ ដើម្បីអូសទាញភ្ញៀវទេសចរមកទស្សនា និងអ្នកវិនិយោគមកបណ្តាក់ទុននៅប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។
៦-និស្សិតអាហារូបករណ៍អូស្ត្រាលី និងនូវែលហ្សេឡង់ដែលត្រូវទៅសិក្សានៅឆ្នាំ២០២១ និងនិស្សិតដែលបានទៅសិក្សាមុន ត្រូវខិតខំសាមគ្គីគ្នាក្នុងវង្វង់គ្រួសារខ្មែរឱ្យបានស្អិតល្មួត ប្រកបដោយភាពសុខដុមរមនាដោយអនុវត្តឱ្យបានល្អ ទៅតាម សុភាសិតខ្មែរថា នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ និង ទី៧-ក្នុងបរិបទបច្ចុប្បន្នដែលគំរាមកំហែងដោយជំងឺកូវីដ-១៩ សូមយកចិត្តដាក់ខ្ពស់ក្នុងការថែរក្សាសុខភាពផ្ទាល់ខ្លួន ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងគោរពតាម ការណែនាំរបស់អាជ្ញាធររបស់ប្រទេសសាមី ដើម្បីធ្វើយ៉ាងណាចៀសឱ្យបានកុំឱ្យឆ្លងជំងឺកូវីដ-១៩។
សម្តេចប្រមុខរដ្ឋស្តីទីមានជំនឿជឿជាក់ថា នៅពេលដែលក្មួយៗ បញ្ចប់ការសិក្សាប្រកបដោយជោគជ័យ ត្រូវយកចំណេះដឹង និងរៀនសូត្របន្ថែមអំពីបទពិសោធន៍ ហើយជាពិសេសគឺឈោងចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីយកមកចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។
លោកទៀប សុត្ថា តំណាងនិស្សិតអាហារូបករណ៍អូស្ត្រាលី និងនូវែលហ្សេឡង់បានឱ្យដឹងថា និស្សិតអាហារូបករណ៍អូស្ត្រាលី និងនូវែលហ្សេឡង់ ដែលនឹងត្រូវចេញដំណើរទៅបន្តការសិក្សានៅខែមករា ឆ្នាំ២០២១ខាងមុខនេះ មានចំនួន២៧នាក់ ក្នុងនោះមានស្រី ១១នាក់ ដែលបានប្រឡងជាប់អាហារូបករណ៍អូស្ត្រាលីចំនួន១៨នាក់ និងនូវែលហ្សេឡង់ចំនួន០៩នាក់ ។ ក្នុងចំនួននេះ មាននិស្សិតជាមន្ត្រីរាជការចំនួន១៦នាក់,បុគ្គលិកក្រុមហ៊ុនឯកជននិងអង្គការក្រៅរដ្ឋាភិបាលចំនួន១១នាក់៕​