សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យប្រតិភូនិស្សិតអាហារូបករណ៍អូស្ត្រាលី និងនូវែលសេឡង់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០–

នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូនិស្សិតអាហារូបករណ៍ អូស្ត្រាលី និងនូវែលសេឡង់ចំនួន ២៧នាក់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុននឹងចេញដំណើរទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សារយៈពេល២ឆ្នាំ នៅតាមសាកល វិទ្យាល័យនានានៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការអបអរសាទរ និងកោតសរសើរ ចំពោះក្មួយៗទាំងអស់ដែលត្រូវបានជ្រើសរើសជានិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី និងនូវែលសេឡង់ ដែលជាអាហារូបករណ៍អន្តរជាតិដ៏មានសក្តានុពលមួយ។

សម្តេចប្រមុខរដ្ឋស្តីទី បានរំលឹកឡើងវិញអំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដែលបានជួបប្រទះនូវសង្គ្រាម និងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានបំផ្លាញ ប្រទេសកម្ពុជាយើងគ្មានសល់ ទាំងរចនាសម្ព័ន្ធសង្គម និងធនធាន មនុស្សដល់ឫសគល់។ ចាប់ពីក្រោយមហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩មក ប្រទេសយើងបានយកចិត្តទុកដាក់ជា ចម្បងក្នុងការស្តារការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សតាំងពីពេលនោះមក ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ទោះបីពេលនោះប្រទេសយើងស្ថិតក្នុងស្ថានភាព ដែលមានសង្គ្រាមផង និងមានសន្តិភាពផង។

លទ្ធផលដែលយើងបានឃើញអំពីការ បណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធាន មនុស្សនៅពេលនោះ មកដល់ពេលនេះគឺមាននិស្សិត មួយចំនួនកំពុងតែកាន់តួនាទីជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងជាមន្ត្រីជំនាញនៅតាមក្រសួង ស្ថាប័ន រាជធានី និងខេត្ត ក្រុងនានា។

សម្តេចប្រមុខរដ្ឋស្តីទី បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់នូវអនុសាសន៍ល្អៗចំនួន ៧ចំណុចសំខាន់ៗរួមមាន៖ ទី១-ពេលក្មួយៗចេញទៅសិក្សាឆ្ងាយពីគ្រួសារ ពីប្រទេសជាតិ ដូចនេះការនឹករលឹកមនោសញ្ចេតនាចំពោះគ្រួសារ និងប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់បានទេ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្មួយៗត្រូវតែព្យាយាមធ្វើ យ៉ាងណាកុំឱ្យមនោសញ្ចេតនានៃការនឹករលឹកនេះ ក្លាយទៅជាឧបសគ្គដែល រារាំងដល់ការសិក្សា ដូចនេះក្មួយៗត្រូវតែមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីជម្នះគ្រប់ឧបសគ្គ ខិតខំរៀនសូត្រឱ្យឈានដល់ការសម្រេចជោគជ័យនៅទីចុងបំផុត។ ទី២-សូមយកចិត្តទុកដាក់ អនុវត្តន៍ឱ្យបានម៉ឹងម៉ាត់នូវច្បាប់ ទម្លាប់ ប្រពៃណីរបស់ប្រទេសទាំងពីរ ធ្វើយ៉ាងណាខិតខំបង្ហាញឱ្យបានអំពីអត្តចរិត ថ្លៃថ្នូរ រាបសា ឧស្សាហ៍ព្យាយាម និងអត់ធ្មត់របស់ជនជាតិខ្មែរយើង។

ទី៣-សូមក្មួយៗត្រូវយកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាកលវិទ្យាល័យ គោរពថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដោយគោរពនូវការបង្ហាត់បង្រៀនរបស់លោកសាស្ត្រាចារ្យ ទៅតាមសុភាសិតខ្មែរ យើងដែលបាន ទូន្មានកូនចៅ នាពេលបច្ចុប្បន្ន និងទៅអនាគតនោះគឺ ងើយស្កក ឱនដាក់គ្រាប់។

ទី៤-សូមក្មួយៗខិតខំឱ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ដើម្បីឈានទៅសម្រេចឱ្យនិទ្ទេសជានិស្សិតល្អ ជានិស្សិតឆ្លើមនៅពេលបញ្ចប់ការសិក្សា ដើម្បីស័ក្តិសមទៅនឹងសេចក្តីសង្ឃឹម ជំនឿជឿជាក់របស់សាកលវិទ្យាល័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់ ផងដែរ។

ទី៥-ត្រូវរក្សាភ្ជាប់នូវទំនាក់ទំនងជាមួយនឹងបណ្តាមិត្តជានិស្សិតរួមថ្នាក់ និងសាស្ត្រាចារ្យ មន្ត្រីបុគ្គលិករបស់សាកលវិទ្យាល័យ និងជាមួយប្រជាជននៃប្រទេសសាមី ដើម្បីផ្សព្វផ្សាយអំពីសភាពការពិត ប្រពៃណី វប្បធម៌ដ៏ល្អផូផង់ សក្តានុពលដ៏សម្បូរបែបរបស់ប្រទេសជាតិយើង ក្នុងគោលបំណងដើម្បីឱ្យគេយល់ កាន់តែច្បាស់ ហើយឱ្យគេជួយផ្សព្វផ្សាយដើម្បីអូសទាញភ្ញៀវទេសចរមកទស្សនា និងអ្នកវិនិយោគមកបណ្តាក់ទុននៅប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។

ទី៦-សូមក្មួយៗនិស្សិតអាហារូបករណ៍អូស្ត្រាលី និងនូវែលសេឡង់ដែលត្រូវទៅ សិក្សានៅឆ្នាំ២០២១ និងនិស្សិតដែលបានទៅសិក្សាមុន ត្រូវខិតខំសាមគ្គីគ្នាក្នុងវង្វង់គ្រួសារ ខ្មែរឱ្យបានស្អិតរមួត ប្រកបដោយសុខដុមរមនាដោយអនុវត្តឱ្យបានល្អ ទៅតាមសុភាសិតខ្មែរថា នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ។

ទី៧-ក្នុងបរិបទបច្ចុប្បន្នដែល គំរាមកំហែងដោយជំងឺកូវីដ១៩ សូមយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសុខភាពផ្ទាល់ខ្លួន ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងគោរពតាមការណែនាំរបស់អាជ្ញាធរ របស់ប្រទេសសាមី ដើម្បីធ្វើយ៉ាងណាចៀសឱ្យបានកុំឱ្យឆ្លងជំងឺកូវីដ១៩។

សម្តេចប្រមុខរដ្ឋស្តីទីមានជំនឿជឿជាក់ថា នៅពេលដែលក្មួយៗ បញ្ចប់ការ សិក្សាប្រកបដោយជោគជ័យ ត្រូវយកចំណេះដឹង និងរៀនសូត្របន្ថែមអំពីបទពិសោធន៍ ហើយជាពិសេសគឺឈោងចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីយកមកចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើង ទៅតាមទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ គឺនឹងប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រែក្លាយទៅជាប្រទេស ដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ សំដៅជំរុញការកសាងប្រទេសយើងឱ្យក្លាយជាទៅ ប្រទេសដែលមានការរីកចម្រើនខ្ពស់ដូចបណ្តាប្រទេសនៅក្នុងតំបន់ និងក្លាយទៅជាសង្គម ដែលមានអរិយធម៌ សេចក្តីស្រឡាញ់ ហើយគ្មានការកើតឡើងវិញនូវសង្គ្រាម និងរបបប្រល័យពូជសាសន៍ ក៏ដូចជាការបែកបាក់ផ្ទៃក្នុងជាតិ ដូចពីអតីតកាលទៀតឡើយ។

តាមរបាយការណ៍របស់លោក ទៀប សុត្ថា តំណាងនិស្សិតអាហារូបករណ៍អូស្ត្រាលី និងនូវែលសេឡង់ ជូនសម្តេចប្រមុខរដ្ឋស្តីទីបានឱ្យដឹងថា និស្សិតអាហារូបករណ៍ របស់រដ្ឋាភិបាលអូស្រ្តាលី និងនូវែលសេឡង់ ដែលនឹងត្រូវចេញដំណើរទៅបន្តការសិក្សា នៅខែមករា ឆ្នាំ២០២១ខាងមុខនេះ មានចំនួន២៧នាក់ ក្នុងនោះមានស្រី ១១នាក់ ដែលបានប្រឡងជាប់អាហារូបករណ៍អូស្ត្រាលីចំនួន១៨នាក់ និងនូវែលសេឡង់ចំនួន០៩នាក់ ។ ក្នុងនេះផងដែរ ក៏មានមន្ត្រីរាជការបម្រើការតាមក្រសួង ស្ថាប័នចំនួន១៦នាក់ និងបុគ្គលិក ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាលចំនួន១១នាក់៕ ដោយ ប៉ាល់ សុង