រដ្ឋសភាទទួលស្គាល់ផែនទីឋានលេខាព្រំដែនគោក ចំនួន៩២ផ្ទាំងរវាងកម្ពុជា និងវៀតណាម

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០២/១១/២០២០

MC:  រដ្ឋសភាកម្ពុជា ក្នុងសម័យប្រជុំពេញអង្គលើកទី៥ នីតិកាលទី៦ ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ  បានឯកភាពទទួលស្គាល់នូវផែនទីឋានលេខាព្រំដែនគោកចំនួន ៩២ផ្ទាំង ដែលរាជរដ្ឋាភិបាលកម្ពុជា និងវៀតណាមកំណត់លើឯកសារស្តីពីពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងប្រទេសទាំងពីរ កាលពីខែតុលា ឆ្នាំ២០១៩។

  ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិនិងមុខងារសាធារណៈនៃរដ្ឋសភា យល់ថា ពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាឯកសារ ផ្លូវច្បាប់ ដែលបានកត់ត្រាទុកយ៉ាងលម្អិតខ្សែព្រំដែនគោករវាងប្រទេសទាំងពីរ និងអមដោយផែនទីឋានលេខាព្រំដែនគោក ខ្នាត១/២៥.០០០ ចំនួន៩២ផ្ទាំង ដែលមានរំលេចបង្គោលព្រំដែននៅលើផែនទី និងមានកំណត់ត្រានិយាមកាច្បាស់លាស់ ដើម្បីកត់សម្គាល់សមិទ្ធផល៨៤ភាគរយ ដែលប្រទេសទាំងពីរសម្រេចបាន រួមនិងមានឧបសម្ព័ន្ធចំនួន៤ទៀតដូចជា៖ តារាងបោះបង្គោលព្រំដែន តារាងនិយាមកានិងរយៈកម្ពស់បង្គោលព្រំដែន តារាងរាយនាមកម្មសិទ្ធិដីកោះនៅតាមខ្សែព្រំដែន ផ្លូវទឹក និងតារាងបញ្ជីកំណត់ត្រាព្រំដែនដែលពុំទាន់ធ្វើបញ្ចប់ការខណ្ឌសីមា និងបោះបង្គោលព្រំដែន។

  បើតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានឱ្យដឹងថា ពិធីសារស្តីពីខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរនេះ គឺធ្វើឡើងស្របតាមសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលប្រទេសទាំងពីរផលិតផែនទីព្រំដែន និងឯកសារស្តីពីការបោះបង្គោលខណ្ឌសីមា ព្រំដែនគោកដូចជា៖ ឯកសារលម្អិតស្តីពីព្រំដែន បណ្តាបង្គោលព្រំដែន និងផែនទីព្រំដែនដើម្បីសម្តែងឡើងនូវទិសដើរនៃ ខ្សែព្រំដែន ទីតាំងបង្គោលព្រំដែនដែលស្ថិតនៅតាមបណ្តោយ ព្រំដែនទាំងមូល។ ឯកឧត្តមបន្តថា ក្នុងពិធីសារនេះ រដ្ឋាភិបាលប្រទេសទាំងពីរ បានទទួលស្គាល់ការខណ្ឌសីមាព្រំដែនបានប្រវែង១.០៤៥គីឡូម៉ែត្រ និងបោះបង្គោលព្រំដែន សរុប៣.០៤៧បង្គោល នៅលើដី និងនៅលើផែនទី ក្នុងការបោះបង្គោលព្រំដែនធំបានចំនួន៣១៥បង្គោល, បង្គោលខណ្ឌសីមាព្រំដែនបានចំនួន១.៥១១បង្គោល, បង្គោលតម្រុយព្រំដែនបានចំនួន២២១បង្គោល, និងចំណុចពិសេសចំនួន១.០០០៕