ថ្ងៃឈប់សម្រាករយ:ពេល៤ថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង១៥ម៉ឺននាក់

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០


MC.ភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណជាង១៥ម៉ឺននាក់ បានមកកម្សាន្តនៅក្នុងខេត្តសៀមរាប រយ:ពេលបួនថ្ងៃ នៃថ្ងៃឈប់សម្រាក នៅតាមតំបន់ទេសចរណ៍សំខាន់ៗនានា។
មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ក្នុងរយៈពេលឈប់សម្រាកបួនថ្ងៃនៃថ្ងៃពិធីគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រ និងពិធីបុណ្យអុំទូក មានភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណជាង១៥ម៉ឺននាក់ បានមក កម្សាន្តក្នុងខេត្តសៀមរាប។
លោកបន្តថា តំបន់ទេសចរណ៍សំខាន់ៗ ដែលភ្ញៀវនិយមទៅកម្សាន្ត មានតំបន់អង្គរប្រមាណជាង៧ម៉ឺននាក់ និង​ក្រៅតំបន់ អង្គរប្រមាណជាង៧ម៉ឺននាក់ មានដូចជាភូមិវប្បធម៍ រមណីយដ្ឋាននិងសហគមន៍ទេសចរណ៍ នៅតាមបណ្តាស្រុក មួយចំនួនដូចជា ស្រុកបន្ទាយស្រី ប្រាសាទបាគង និងស្រុកវ៉ារិនជាដើម។
លោក​បញ្ជាក់​ថា​៖​ នៅខេត្តសៀមរាបយើង ភ្ញៀវដែលទៅទស្សនាតំបន់អង្គរប្រហែលជាង៧ម៉ឺននាក់ ហើយក្រៅតំបន់អង្គរ ជាង៧ម៉ឺននាក់ដែរ សរុបទៅប្រហែលជាង១៤ម៉ឺននាក់ក្នុងព្រះរាជពិធីបុណ្យអុំទូក បន្ទាប់ពីភ្ញៀវទៅកម្សាន្តតំបន់អង្គរ ភ្ញៀវចាប់អារម្មណ៍ទៅកម្សាន្តនៅតាមរមណីយដ្ឋាននិងសហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍សំខាន់ៗ តាមបណ្តាស្រុក ជាពិសេសមាននៅស្រុកបន្ទាយស្រី ប្រាសាទបាគង វ៉ារិន និងនៅភូមិវប្បធម៍។មួយទៀតបើសិនជាយើងគិតទាំងថ្ងៃបុណ្យចម្រើនព្រះជន្មមកច្រើន បើគិត៣ថ្ងៃជាង១៤ម៉ឺននាក់ តែបើគិតបួនថ្ងៃខ្ទង់១៥ម៉ីន នាក់ជាង។ជារួមដូចជាមិនមានបញ្ហាទេ ហើយភ្ញៀវទេសចរអន្តរជាតិក៏មានច្រើនដែរ ឃើញថាថ្ងៃធម្មតាបានតែ៣០ឬ៤០នាក់ ក្នុង១ថ្ងៃ តែថ្ងៃនេះយើងឃើញ មាចន្លោះពី២០០នាក់ទៅ៦០០នាក់។
គួរជម្រាបផងដែរថា ខេត្តសៀមរាបមានតំបន់ទេសចរណ៍ជាច្រើនកន្លែង ដែលអាចអន្ទងចិត្តភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកកម្សាន្តជាហូហែរ ដូចជា តំបន់រមណីយដ្ឋានអង្គរ រមណីយដ្ឋាននានានៅតាមបណ្តាក្រុង ស្រុក និងសហគមន៍ទេសចរ នានា ដែលត្រូវបានបង្កើតឡើងដូចជា ឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍កំពង់ភ្លុក សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា ជាដើម៕​