ឯកអគ្គរាជទូតថៃ កោតសរសើរចំពោះការចូលរួមបរិច្ចាគរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា ក្នុងអង្គកឋិនទានព្រះរាជទ្រព្យ ព្រះមហាក្សត្រថៃ

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ —

ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា ឯកឧត្តម Panyarak Poolthup បានផ្ញើលិខិតថ្លែងអំណរគុណដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន សម្រាប់ការចូលរួមបរិច្ចាគរបស់ឯកឧត្តម ក្នុងអង្គកឋិនទានព្រះរាជទ្រព្យ របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃឡង់ដ៍ កាលពីពេលថ្មីៗនេះ។

ឯកឧត្តម ឯកអគ្គរាជទូត បានសរសេរនៅក្នុងលិខិតរបស់លោកថា «ខ្ញុំមានកិត្តិយសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបរិច្ចាគដ៏សប្បុរសរបស់ឯកឧត្តម ក្នុងអង្គកឋិនទានព្រះរាជទ្រព្យ ព្រះមហាក្សត្រថៃ នៅវត្តឥណ្ឌូ កម្ពុជាធម្មនិរមិត កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០»។

យោងតាមឯកឧត្តម Panyarak Poolthup បានឱ្យដឹងថា បច្ច័យសរុបដែលទទួលបានពីការបរិច្ចាគពីព្រះករុណា ព្រះបាទ Vajiralongkorn Phra Vajiraklaochaoyuhua ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃឡង់ដ៍ សហគមន៍ថៃនៅកម្ពុជា និងប្រជាជនកម្ពុជា មានចំនួន ៣២ ៦៦៤ ដុល្លារអាមេរិក។

ឯកឧត្តម ឯកអគ្គរាជទូតបានបន្ថែមថា បច្ច័យដែលប្រមូលបានទាំងអស់ ត្រូវបានប្រគល់ជូនសម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ នីកា

សម្រួលផ្សាយ៖ កន ចំណាន