ពលរដ្ឋជាង៤១ម៉ឺននាក់ចេញដើរលេងកម្សាន្ដក្នុងអំឡុងពេលព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី
ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ដែលជាថ្ងៃឈប់សម្រាកព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ភ្ញៀវទេសចរជាង៤១ម៉ឺននាក់ បានដើរលេងកម្សាន្ដនៅទូទាំងប្រទេស។
ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ថា ខេត្តសៀមរាបទទួលបានភ្ញៀវច្រើនជាងគេ ដោយមានភ្ញៀវទេសចរជាង១១ម៉ឺននាក់ ខណៈខេត្តកំពត៤៩.៤៦០នាក់, ខេត្តព្រះសីហនុ៣៨.៦៣៧នាក់, ខេត្តកណ្តាល២៩,៥៤០នាក់, ខេត្តកែប២៣.១២៨នាក់, ខេត្តកំពង់ស្ពឺ២០.៧៧៥នាក់, ខេត្តមណ្ឌលគិរី១៧.២២៩នាក់ និងខេត្តកោះកុង១៥.៨៨៧នាក់។
បើតាមការឱ្យដឹងបន្ថែមពីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា ភ្ញៀវទេសចរ ដែលបានទៅដល់ខេត្តសៀមរាប បានចូលទៅទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាដូចជា៖ តំបន់ប្រាសាទអង្គរវត្ត ឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា ជាដើម។
ដោយឡែក ក្រៅពីចំនួនជាង៤១ម៉ឺននាក់ខាងលើ តាមការវាយតម្លៃរបស់អាជ្ញាធររាជធានីភ្នំពេញ មានប្រជាពលរដ្ឋប្រមាណ៣០ម៉ឺននាក់ផ្សេងទៀត បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ពិសេសនៅតំបន់កោះពេជ្រ ទស្សនាកាំជ្រួចនៅមាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ និងតំបន់វិមាន ឈ្នះ ឈ្នះ នារយៈពេល២ថ្ងៃកន្លងមក នៃព្រះរាជពិធីបុណ្យអុំទូក៕