អង្គការ WCS រកឃើញ​ស្វា​កន្ទុយ ស ដែល​ស្ថិតក្នុង​បញ្ជី​ក្រហម IUCN ចំនួន​៦.៧៥៦​ក្បាល​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​

AKP ភ្នំពេញ ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០–​

នៅ​ថ្ងៃ​១​រោច ខែ​ក​ក្ដិ​ក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០ អង្គការ WCS បានចេញ​ផ្សាយ​ព័ត៌មាន​របស់ខ្លួន​ថា បាន​រកឃើញ​សត្វ​ស្វា​កន្ទុយ​ស ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក តែមាន​វត្តមាន​នៅក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា​។

យោងតាម​ការអង្កេត សត្វ​ស្វា​កន្ទុយ​ស នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា មាន​ចំនួន ៦.៧៥៦​ក្បាល ក្រុម​វា​មាន​ចំនួន​ថេរ​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយនេះ ខណៈ​សត្វ​ស្វា​កន្ទុយ​ស លើ​ពិភពលោក​មាន​និន្នាការ​ថយចុះ​។​
​ជារឿយៗ​វា​ចូលចិត្ត​រស់នៅ​ជា​ក្រុម​តាម​ដើមឈើ​ខ្ពស់ៗ នៅក្នុង​ព្រៃស្រោង និង​ព្រៃ​ពាក់កណ្តាល​ស្រោង​។ វា​រស់នៅ​ជា​ក្រុម​ដែលមាន​ចំនួន​រហូតដល់​ជាង ១០​ក្បាល ដោយមាន​បា មេ និង​កូន ជួនកាល​ក្រុម​របស់​វា​មាន​ច្រើន​រហូតដល់​៣០​ក្បាល​។​​

សត្វ​ស្វា​កន្ទុយ​ស ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​កម្រ ។ សត្វ​ស្វា​ប្រភេទ​នេះ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (CR) ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក និង​ត្រូវបាន​ចាត់ថ្នាក់​ក្នុង​បញ្ជី​ឧ​បស​ម្ព័​ន​១ នៃ​អនុសញ្ញា CITIES​។ ចំនួន​ស្វា​កន្ទុយ​ស មានការ​ថយចុះ ដោយសារ​ការបាត់បង់​ទីជម្រក និង​ការ​បរបាញ់ ៕ ដោយ៖ ណ​យ នឿន (​ប្រភពៈ WCS) សម្រួលផ្សាយដោយ៖ ធូ កុសល