បើទោះបី​នៅ​រាជធានី​ភ្នំពេញ​មិនមាន​ពិធី​ប្រណាំងទូក​ក្ដី ក៏​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ មក​ទស្សនា​ថ្ងៃ​ឈប់សម្រាក​តែ​ពួក​គាត​បាន​គោរ​ព្ធ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩​យ៉ាង​ខ្ជាប់ខ្ជួន​

AKP ភ្នំពេញ ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០–
​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ បាន​មកលេង​កម្សាន្ត​យ៉ាង​សប្បាយរីករាយ នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ឈប់សម្រាក​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ជាមួយនឹង​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​ធ្វើយ៉ាងណា​កុំឱ្យ​ឆ្លង​ជំងឺ​នេះ​ចូលទៅក្នុង​សហគមន៍​។​

​បើទោះបី​ពុំមាន​ព្រះ​រាជពិធី​ប្រណាំងទូក​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​មកពី​តាម​បណ្តា​ខេត្ត​នានា បាន​មកលេង​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ នៅមុខ​ព្រះបរមរាជវាំង សួន​សម្តេច​ហ៊ុន សែន​និង​តំបន់​រមណីយដ្ឋាន​វត្ត​ភ្នំ​យ៉ាង ច្រើន​កុះករ​និង​សប្បាយរីករាយ ។ នៅក្នុង​ឱកាស​ដើរលេង​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ទាំង​៣​ថ្ងៃនេះ ប្រជាពលរដ្ឋ​មិន​ភ្លេច​ឡើយ​ពី​ការថែរក្សា​សុវត្ថិភាព​សុខភាព តាមរយៈ​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​ការធ្វើ​អនាម័យ​ឱ្យបាន​ជាប់​ជាប្រចាំ និង​រក្សា​គម្លាត​សុវត្ថិភាព​ជាដើម​។​

លោក ចាន់ វាសនា ជា​ប្រជាពលរដ្ឋ​មកពី​ខេត្តកណ្តាល បានឱ្យដឹង​នៅ​ថ្ងៃទី​០១ វិច្ឆិកា ឆ្នាំ​២០២០​ថា ថ្វីត្បិតតែ​ឆ្នាំនេះ​មិនបាន​ប្រារព្ធ​ព្រះ​រាជពិធី​ប្រណាំងទូក​ក៏ដោយ តែ​នៅមុខ​ព្រះបរមរាជវាំង​នៅតែមាន​ប្រជាពលរដ្ឋ​មកលេង​កម្សាន្ត​ច្រើន​កុះករ គឺ​ដោយសារតែ​ប្រទេស​កម្ពុជា​យើង​សព្វថ្ងៃ​មានការ​អភិវឌ្ឍ​និង​មាន​សុខសន្តិភាព ។​
​លោក​បាន​បន្តថា រយៈពេល​បី​ថ្ងៃ​នៃ​ថ្ងៃ​ឈប់សម្រាក​នេះ ប្រជាពលរដ្ឋ​មួយចំនួន​មកលេង នៅ​រាជធានី​ភ្នំពេញ និង មួយចំនួនទៀត​ទៅ​ដើរលេង​កម្សាន្ត​នៅ​បណ្តា​ខេត្ត​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ពួកគាត់​នៅតែ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ស្តីពី​វិធានការ​អនាម័យ ការរក្សា​គម្លាត​សង្គម ដើម្បី​ធ្វើយ៉ាងណា​ការពារ​ពី​ការឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត និង​ទៅក្នុង​សហគមន៍​។​

​លោក​បញ្ជាក់ថា បើទោះបី​មិនបាន​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ក៏ដោយ ក៏ប៉ុន្តែ​នៅតែមាន​មនុស្ស​មក​ដើរលេង​ច្រើន​សប្បាយ មាន​មនុស្ស​ច្រើន​នៅពេល​ព្រឹក​រហូត​ដល់ពេល​ល្ងាច​ទៀត​មនុស្ស​កាន់តែច្រើន ។
​ចំពោះ​ការការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩ យើង​រក្សា​អនាម័យ​ជាប់​ជាប្រចាំ ដូចជា​ការលាង​សម្អាត​ដៃ​ជាមួយ​ទឹក​អាកុល យើង​ការពារ​ទាំងអស់គ្នា យើង​ដឹង​ពី​វិធី​ការពារ រៀងៗ​ខ្លួន ការពារ​ផ្ទាល់ខ្លួន ព្រោះ​អី​មានតែ​ខ្លួនឯង​ទេ​ដែល​ដឹង​ពី​ការការពារ​ខ្លួនឯង​ទើប​ល្អ ។ ចំណែក​បងស្រី វណ្ណ ឆៃ ជា​ប្រជាពលរដ្ឋ​មកពី​ខេត្តកំពង់ស្ពឺ បានឱ្យដឹង​ដែរ​ថា ថ្ងៃ​ឈប់សម្រាក​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​នេះ បងស្រី​និង​ក្រុមគ្រួសារ​បានមក​លេង​នៅមុខ​ព្រះបរមរាជវាំង​យ៉ាង​សប្បាយរីករាយ ដោយសារតែ​អាជ្ញាធរ​បានរៀបចំ​អនាម័យ បរិស្ថាន​បាន​ស្អាត​ល្អ ដែល​មិន​បារម្ភ​ពី​ការឆ្លង​នូវ​ជំងឺ​ផ្សេងៗ ជាពិសេស​ជំងឺ​កូ​វីដ​-១៩​។

​សូមបញ្ជាក់ថា នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អក​អំ បុក​ឆ្នាំនេះ ទោះបី​ពុំ​មានការ​ប្រណាំងទូក​ក៏ដោយ ក៏​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានរៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់​បាន​យ៉ាង​ល្អ នៅតាម​តំបន់​កម្សាន្ត​សប្បាយ​ជាច្រើន ដើម្បី​សម្រួល​ចរាចរ ណ៍ រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​មកលេង​កម្សាន្ត​ឱ្យមាន​ភាពកក់ក្តៅ និង​សប្បាយរីករាយ ៕​ដោយ​៖​សួស សំរិត សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​