អំឡុងពេលកូវីដ១៩រីករាលដាល តែចរាចរណ៍ផ្លូវអាកាសកម្ពុជា នៅតែបើកចំហរ

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ —

នៅពេលដែលពិភពលោកកំពុងតែប្រឈមមុខនឹងការរីករាលដាលមេរោគកូវីដ១៩ មកដល់ពេលនេះកម្ពុជាមិនបានបិទចរាចរណ៍ផ្លូវអាកាសម្តងណាឡើយ គ្រាន់តែរឹតបន្តឹង ហើយចេញបម្រាមចំពោះគោលដៅមួយចំនួនតែប៉ុណ្ណោះ ។

យោងតាមរបាយការណ៍ដែលប្រមូល និងផ្សព្វផ្សាយដោយក្រសួងទេសចរណ៍បានឲ្យដឹងថា នៅក្នុងអំឡុងពីខែមករា ដល់ខែ កញ្ញា ឆ្នាំ២០២០ ចរាចរណ៍ផ្លូវអាកាសកម្ពុជានៅតែដំណើរការដោយមានភ្ញៀវធ្វើ ដំណើរចេញនិងចូលជាបន្តបន្ទាប់ គ្រាន់តែវាធ្លាក់ចុះប៉ុណ្ណោះ ។

ប្រភពដដែលបានអះអាងថា នៅក្នុងអំឡុងពេល៩ ខែ ឆ្នាំ២០២០ នេះ ពលរដ្ឋកម្ពុជាដែលបានចេញដំណើរទៅក្រៅប្រទេសគឺនៅតែមាន ដោយមានចំនួនប្រមាណជា ៣១៧ ៥០២ នាក់ ពោលគឺធ្លាក់ចុះប្រមានជា ៧៩,៣ភាគរយ ដោយឡែកភ្ញៀវបរទេសដែលចេញពីកម្ពុជាគឺមានប្រមាណជា ១,៣ លាននាក់ ធ្លាក់ចុះ ៧២ ភាគរយ ។

ប្រភពដដែលបានបន្តទៀតថា សម្រាប់ពលរដ្ឋកម្ពុជាដែលធ្វើដំណើរចូលស្រុកវិញតាមផ្លូវអាកាស នៅក្នុងរយៈពេលដដែលនេះតាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញគឺមាន ១,១២ លាននាក់ ធ្លាក់ចុះ ៣៧,៣ ភាគរយ ភ្ញៀវបរទេសមក គឺមានចំនួន ៨៥១ ៤៣៩ នាក់ធ្លាក់ចុះ ៧៣ភាគរយ។ តាមអាកាស យានយន្ដអន្តរជាតិសៀមរាប គឺភ្ញៀវខ្មែរមានចំនួន ៥០២ ៧៤១ នាក់ ធ្លាក់ចុះ ៦៧,២ភាគរយ និងបរទេស មានចំនួន ៣៩៦ ២៤១ នាក់ ធ្លាក់ចុះ ៧៦,២ភាគរយ ។

ប្រភពដដែលបានបន្តថា សរុបទៅអ្នកដំណើរដែលបានមកដល់កម្ពុជាតាមផ្លូវអាកាសជាពលរដ្ឋកម្ពុជា គឺមានចំនួន ៤,៤៣ លាននាក់ ធ្លាក់ចុះ ៣២,៦ភាគរយ និង បរទេសត្រឹមតែ ១,៦០ លាននាក់ ធ្លាក់ចុះ ៧២,៣ភាគរយ៕

ដោយ៖ ហេងបញ្ញា
សម្រួលផ្សាយ៖ កន ចំណាន