ព្រះមហាក្សត្រ កោតសរសើរអំពីភាពរីកចម្រើនដ៏អស្ចារ្យ នៅក្នុងខេត្តសានស៊ី នៃសាធារណរដ្ឋប្រជានិតចិន

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០–
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ​បាន​បង្ហាញ​នូវព្រះរាជហឫទ័យរីករាយដែលបានយាងមកទស្សនានៅខេត្ត សានស៊ី ជាថ្មីម្តងទៀត ព្រមទាំង​បានកោតសរសើរអំពីភាពរីកចម្រើនដ៏អស្ចារ្យនៅក្នុងខេត្តនេះ។ ការលើកឡើងនូវ​ព្រះរាជបន្ទូលនេះ ក្នុងឱកាសស្តេចយាងបំពេញព្រះរាជទស្សន​កិច្ច​ផ្លូ​វការ​​ចំនួន ៣ថ្ងៃ នៅខេត្ត​សានស៊ី តបតាមសេចក្តីក្រាបបង្គំសូមយាង និងរៀបចំថ្វាយដោយ ឯកឧត្តមប្រធានាធិបតីចិន Xi JinPing ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះ​រាជហឫទ័យប្រោសព្រះរាជទានជូន ឯកឧត្តម Liu Guozhong លេខាគណៈកម្មាធិការបក្សខេត្ត និង ឯកឧត្តម Zhao Yide អភិបាលខេត្តសានស៊ី អញ្ជើញចូលថ្វាយបង្គំគាល់ នៅ​ទីក្រុង​ស៊ីអាន។ នេះបើយោងតាមផេកផ្លូវការ Royal du Cambodge ។

បើតាមព្រះមហាក្សត្រ ព្រះអង្គសង្ឃឹមថា តាមរយៈដំណើរព្រះរាជទស្សនកិច្ចនេះ យើងនឹងបន្តបាននូវចំណង​មិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរ ជំរុញការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​រវាងកម្ពុជា-ចិន និងខេត្តសានស៊ី លើវិស័យផ្សេងៗគ្នា និងលើកកម្ពស់​សុខុមាល​ភាពរបស់ប្រជាជនទាំងពីរ។

ឯកឧត្តម Liu Guozhong និងឯកឧត្តម Zhao Yide បានសម្ដែងការស្វាគមន៍យ៉ាងកក់​ក្តៅ​ជាទីបំផុត ចំពោះព្រះរាជដំណើរយាងបំពេញទស្សនកិច្ចក្នុងឱកាសនេះ។ ឯកឧត្តមមាន​ប្រសាសន៍ថា ប្រទេសចិន និងកម្ពុជាមានចំណងមិត្តភាពជាប្រពៃណីជាយូរលង់ណាស់​មក​ហើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រោមការជំរុញរួមគ្នារបស់ ឯកឧត្តមប្រធា​នា​ធិបតី Xi JinPing និងព្រះករុណា ព្រះមហាក្សត្រ បានធ្វើឱ្យភាពជាដៃគូយុទ្ធ​សាស្ត្រគ្រប់​ជ្រុង​ជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ បានឈានដល់កម្រិតថ្មីមួយគួរឱ្យកត់​សម្គាល់។

ឯកឧត្ដមអភិបាលខេត្ដបានបន្ដថា នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈ​កម្មាធិ​ការ​​​មជ្ឈិមបក្សនីតិកាលទី១៩ នៃបក្សកុម្មុយនិស្តចិន ដែលទើបតែបញ្ចប់បានចង្អុល​បង្ហាញថាការអភិវឌ្ឍរបស់ប្រទេសចិននៅតែស្ថិតក្នុងដំណាក់កាលសំខាន់នៃឱកាសយុទ្ធសាស្ត្រនាពេលបច្ចុប្បន្ន និងក្នុងរយៈពេលមួយនាពេលអនាគត។ ទន្ទឹមនេះ លំនាំអភិវឌ្ឍន៍ និង​ការរៀបចំយុទ្ធសាស្ត្រផ្សេងទៀតបានផ្តល់នូវទស្សនវិស័យទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។ ក្នុងនាមជាសមាជិកសំខាន់របស់អាស៊ាន និងជាប្រទេស​សំខាន់មួយនៅតាមបណ្តោយ“ ខ្សែក្រវាត់និងផ្លូវ” ប្រទេសកម្ពុជា មានមូលដ្ឋានរឹងមាំ និង​សក្តានុពលដ៏អស្ចារ្យសម្រាប់កិច្ចសហប្រតិបត្តិការ។

ឯកឧត្តមបានបន្ថែមថា ព្រះរាជដំណើរ​ទស្សនកិច្ច របស់ព្រះអង្គលើកនេះ ជាឱកាសមួយដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការប្រកប​ដោយ​ភាពស៊ីជម្រៅលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ និងការអប់រំ ពង្រឹងការ​ផ្លាស់​ប្តូររវាងខេត្ត និងរដ្ឋជាមិត្ត និងចូលរួមវិភាគទានដល់ការបង្កើតសហគមន៍ចិន-កម្ពុជា​រួមគ្នា​ជាមួយអនាគតរួមគ្នា៕ដោយ រិទ្ធី