ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកលេងកម្សាន្តនៅរាជធានីភ្នំពេញ នាថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក ជាមួយនឹងវិធានការការពារជំងឺកូវីដ-១៩យ៉ាងខ្ជាប់ខ្ជួន

 

វិទ្យុជាតិកម្ពុជា៖ អត្ថបទៈ វ៉ែន សុវុទ្ធី ០១ ១១ ២០

MC:  ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានមកលេងកម្សាន្តយ៉ាងសប្បាយរីករាយនៅរាជធានីភ្នំពេញ នាថ្ងៃឈប់សម្រាកនៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាមួយនឹងវិធានការការពារជំងឺកូវីដ-១៩យ៉ាងខ្ជាប់ខ្ជួន ដើម្បីធ្វើយ៉ាងណាកុំឱ្យឆ្លងជំងឺនេះចូលទៅក្នុងសហគមន៍។

  ទោះបីពុំមានព្រះរាជពិធីប្រណាំងទូកក៏ដោយ ក៏ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា បានមកលេងកម្សាន្ត នៅរាជធានីភ្នំពេញ នៅមុខព្រះបរមរាជវំាង សួនសម្តេចហ៊ុនសែន និងតំបន់រមណីយដ្ឋានវត្តភ្នំ យ៉ាងច្រើនកុះករនិង សប្បាយរីករាយ ។  នៅក្នុងឱកាសដើរលេងកម្សាន្ត យ៉ាងសប្បាយរីករាយនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកទំាង៣ថ្ងៃ នេះ ប្រជាពលរដ្ឋមិនភ្លេចឡើយពីការថែរក្សាសុវត្ថិភាពសុខភាព តាមរយៈការអនុវត្ត យ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍របស់ក្រសួងសុខាភិបាល ការធ្វើអនាម័យឲ្យបានជាប់ជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាពជា ដើម។

លោក ចាន់ វាសនា ជាប្រជាពលរដ្ឋមកពីខេត្តកណ្តាលបានឱ្យដឹងថា ថ្វីដ្បិតតែឆ្នាំនេះមិនបានប្រារព្ធព្រះរាជពិធីប្រណាំងទូក ក៏ដោយ តែនៅមុខព្រះបរមរាជវាំងនៅតែមានប្រជាពលរដ្ឋមកលេងកម្សាន្តច្រើនកុះករ គឺដោយសារតែប្រទេសកម្ពុជាយើង សព្វថ្ងៃមានការអភិវឌ្ឍនិងមានសុខសន្តិភាព ។

លោកបានបន្តទៀតថា រយៈពេលបីថ្ងៃនៃថ្ងៃឈប់សម្រាកនេះ ប្រជាពលរដ្ឋមួយចំនួនមកលេងនៅរាជធានីភ្នំពេញ និង មួយចំនួនទៀតទៅដើរលេងកម្សាន្តនៅបណ្តាខេត្ត។ តែទោះជាយ៉ាងណាក៏ដោយ ពួកគាត់នៅតែអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាលស្តីពីវិធានអនាម័យ ការរក្សាគម្លាតសង្គម ដើម្បីធ្វើយ៉ាងណាការពារពីការឆ្លងនូវជំងឺកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនិងសហគមន៍។

លោក​បញ្ជាក់​ថា​« យើងឃើញថាបើទោះបីអត់បានប្រារព្ធពិធីបុណ្យអុំទូកក៏ដោយប៉ុន្តែនៅតែមានមនុស្សមកដើរលេងច្រើនសប្បាយ មានមនុស្សច្រើននិងពេលព្រឹក ទម្រាំដល់ពេលល្ងាចទៀតមនុស្សច្រើនជាងហ្នឹងទៀត ចំពោះការការពារខ្លួនពីជំងឺកូវីដ-១៩ យើងរក្សាអនាម័យជាប់ជាប្រចាំ ដូចជាការលាងដៃជាមួយទឹកអាកុល យើងការពារទាំងអស់គ្នា យើងដឹងពីវិធីការពារ រៀងៗខ្លួន ការពារផ្ទាល់ខ្លួន ព្រោះអីមានតែខ្លួនឯងទេដែលដឹងពីការការពារខ្លួនឯងទើបល្អ»។

ចំណែកបងស្រី វណ្ណ ឆៃ ជាប្រជាពលរដ្ឋមកពីខេត្តកំពង់ស្ពឺបានឱ្យដឹងដែរថា ថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូកនេះ បងស្រីនិងក្រុមគ្រួសារបានមកលេងនៅមុខព្រះបរមរាជវាំងយ៉ាងសប្បាយរីករាយ ដោយសារតែអាជ្ញាធរបានរៀបចំអនាម័យ បរិស្ថានបានស្អាតល្អ ដែលមិនបារម្ភពីការឆ្លងនូវជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩។                                                                                           

សូមបញ្ជាក់ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ ទោះបីពុំមានការប្រណាំងទូក ក៏ដោយ ក៏អាជ្ញាធររាជធានីភ្នំពេញបានរៀបចំសន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អនៅតាមតំបន់កម្សាន្តសប្បាយជាច្រើន ដើម្បីសម្រួលចរាចរណ៍ រក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្តឱ្យមានភាពកក់ក្តៅ និងសប្បាយរីករាយ៕