ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ថ្ងៃឈប់សម្រាក មាន​ភ្ញៀវទេសចរ​ជិត​៧​ពាន់​នាក់ បាន​មកលេង​កម្សាន្ដ​ក្នុង​ខេត្តរតនគិរី​

AKP រតនគិរី ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០ —

​លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី​បាន​បញ្ជាក់ថា ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ និង​ព្រះរាជ​ពិធីបុណ្យ​អុំ​ទុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក រយៈពេល​៣​ថ្ងៃ​(២៩-៣០-៣១ ខែតុលា ឆ្នាំ​២០២០)​មាន​ភ្ញៀវទេសចរ​ចំនួន ៦ ៩៧៧ នាក់ បាន​មកលេង​កម្សាន្ដ នៅក្នុង ខេត្តរតនគិរី ក្នុងនោះ​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន​៣២​នាក់​ផងដែរ​។​

​លោក​បានកត់សម្គាល់​ឃើញ​ថា ចំនួន​ភ្ញៀវទេសចរ មានការ​ថយចុះ បើ​ធៀប​នឹង​ឆ្នាំមុន​។ ប៉ុន្តែ​បើទោះជា​យ៉ាងណាក៏ដោយ តាមរយៈ​សកម្មភាព នៃ​ការ​ដើរលេង​កម្សាន្ត របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុងការ​ឈប់សម្រាក​នេះ បាន​ស្តែង​ឱ្យឃើញ​យ៉ាងច្បាស់​ថា ក្រោម​ម្លប់​សន្តិភាព​របស់​កម្ពុ​ជា ក្រោម​ការដឹកនាំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​បានដាក់​ចេញ​នូវ វិធានការ​សុខាភិបាល បាន​យ៉ាង​ល្អ​ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ធ្វើឱ្យ​យ​ការដើរ​កម្សាន្ត របស់​ប្រជាពលរដ្ឋ ទទួលបាន​ភាព សប្បាយរីករាយ និង​ប្រកបដោយ​ភាពកក់ក្តៅ​ក្នុង​ចិត្ត ។​

​លោក​ប្រធាន​មន្ទីរ​បាន​លើកឡើងថា ជាក់ស្តែង​អាជ្ញាធរ​ស្រុក​វើ​ន​សៃ រួមទាំង​មន្ត្រីរាជការ ខេត្តរតនគិរី គណ​: កម្ម​ការ វត្ត ព្រះចៅអធិការ វត្ត​បាន​ប៉ុង ស្ឋិ​ត​នៅក្នុង​ឃុំ​ប៉ុង​ស្រុក​វើ​ន​សៃ​បាន រៀបចំ​ពិធី ប្រណាំងទូក​ដើម្បី​ចូលរួម​អបអរ ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែតប្រទីប​សំពះ ព្រះ​ខែ និង​អកអំបុក​ឆ្នាំ​២០២០​។ ការ ប្រណាំង ទូក​នេះ​ប្រារព្ធ​ឡើង តាម ដង ទន្លេ សេ​សាន្ត​មាន​រយៈពេល​មួយ​ល្ងាច កាលពី​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០២០ ហើយ​ទូក​ដែល​មក ចូលរួម មាន ចំនួន ៣​ទូក មកពី​៣​ភូមិ​គឺ​ភូមិ​ប៉ុង ភូមិ​កាឡា​ន់ និង​ភូមិ​វើ​ន​សៃ ជា​ទូក​មួង​ខ្នាត​ខ្លី​មាន​ចំណុះ​ពី​១៥​ទៅ​២០​នាក់ ។ ជាមួយគ្នានេះ ជា​លទ្ធផល​ដែល​ទូក​ជាប់​ចំណាត់ ថ្នាក់ លេខ​១ បាន​ទៅលើ​ទូក​មកពី​ភូមិ​ប៉ុង លេខ​២​បាន​ទៅលើ​ទូក​មកពី​ភូមិ​វើ​ន​សៃ រីឯ​លេខ​៣​បាន​ទៅលើ​ទូក​មកពី​ភូមិ​កាឡា​ន់​។ ចំណែក​ទូក​ដែល​ទទួលបាន​ជ័យលាភី​គឺ​បានការ​ចូលរួម​ឧបត្ថម្ភ​ជាក់ស្តែង​ពី​សប្បុរសជន នានា ទៅតាម​ចំណាត់ថ្នាក់​ផងដែរ​៕​ដោយ​៖ រិទ្ធី ប្រភព​៖ មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​