រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​៖ ក្នុង​រយៈពេល​ពីរ​ថ្ងៃដំបូង នៃ​ថ្ងៃឈប់សម្រាក មាន​ភ្ញៀវទេសចរ​ជាង​២០​ម៉ឺន​នាក់ ដើរ​កម្សាន្ដ ក្នុងនោះ​ខេត្ដ​សៀមរាប​ទទួលបាន​ភ្ញៀវ​ច្រើនជាងគេ​

AKP ភ្នំពេញ ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០
​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​បាន​គូសបញ្ជាក់ថា ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ និង​ថ្ងៃទី​១ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំ​ទុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក មាន​ភ្ញៀវទេសចរ​ជាង​២០​ម៉ឺន​នាក់ ដើរលេង​កម្សាន្ដ​នៅ​ទូទាំងប្រទេស ក្នុងនោះ ខេត្ដ​សៀមរាប​ទទួលបាន​ភ្ញៀវ​ច្រើនជាងគេ​ឈរ​លំដាប់​លេខ​១ បន្ទាប់មក​គឺ​ខេត្ដ​កំពត​។ នេះ​បើ​យោងតាម​ក្រសួងទេសចរណ៍​។​

​ឯកឧត្តម ថោង ខុន បានឱ្យដឹង​កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០​នេះ​ថា ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លងមកនេះ គឺ​ថ្ងៃទី​២៩-៣០ ខែតុលា ឆ្នាំ​២០២០ ភ្ញៀវទេសចរ​ផ្ទៃក្នុង​ដែល​រួមមាន ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ដែល​បាន​ដើរ​កម្សាន្ត សរុប​មាន ២០៧ ០១២ នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ មាន​ចំនួន ២០៣ ៦២៣ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង មាន​ចំនួន ៣ ៣៨៩​នាក់​។​

​ឯកឧត្ដម​រដ្ឋមន្ដ្រី​បានកត់សម្គាល់​ឃើញថា ដោយ​ពុំ​មានការ​ប្រារព្ធ​ពិធី​អុំទូក​ផ្លូវការ នៅ​រាជធានី​ភ្នំពេញ ហើយ​តាម​បណ្តា​ខេត្ត ក៏​មិនមាន​ការរៀបចំ​ពិធីបុណ្យ​អុំទូក​ដូច​រាល់​ឆ្នាំ និង​អាស្រ័យ​ដោយ​បញ្ហា​ទឹកជំនន់ ចំនួន​ភ្ញៀវទេសចរ​ផ្ទែ​ក្នុង មានការ​ថយចុះ​ធៀប​ឆ្នាំមុន​។ ជាមួយគ្នានេះដែរ បញ្ហា​ទឹកជំនន់ ក៏បាន​ធ្វើឱ្យ​ការដើរ​កម្សាន្ត ទៅ​គោលដៅ​ទេសចរណ៍ មួយចំនួន មានការ​លំបាក ដូច​នៅ​តំបន់​ពាយព្យ (​រួមមាន​ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និង​ពោធិ៍សាត់​) ទទួលបាន​ភ្ញៀវ​ត្រឹម​ប្រមាណ​១៣ ៣៧៤​នាក់ ស្មើ​តែ​ប្រមាណ​៦,៤៦​ភាគរយ នៃ​ភ្ញៀវ​សរុប ខណៈដែល​តំបន់ឆ្នេរ​សមុទ្រ​ដែល​ធ្លាប់មាន​ភ្ញៀវ​ទៅ​កម្សាន្ត​ច្រើន ក៏​ទទួលភ្ញៀវ​បានត្រឹមតែ​ប្រមាណ ៥៣ ១៦៧ នាក់ ស្មើនឹង​ប្រមាណ ២៥,៦៣​ភាគរយ នៃ​ភ្ញៀវ​សរុប​។​

សូមបញ្ជាក់​ផងដែរ​ថា សម្រាប់​គោលដៅ​ទេសចរណ៍​សំខាន់ៗ មួយចំនួន​ដែល​ភ្ញៀវទេសចរ​ទៅ​កម្សាន្ដ​នោះ រួមមាន ខេត្តសៀមរាប ទទួលបាន​ភ្ញៀវ​ចំនួន ៥៨ ៧៩៧ នាក់ ខេត្តកំពត ទទួលបាន​ភ្ញៀវ​ចំនួន ២០ ៧៧២ នាក់ ខេត្ត​ព្រះសីហនុ ទទួលបាន​ភ្ញៀវ​ចំនួន ១៨ ៩២០ នាក់ ខេត្តកណ្តាល ទទួលបាន​ភ្ញៀវ​ចំនួន ១៤ ៥៧៥ នាក់ ខេត្តកំពង់ស្ពឺ ទទួលបាន​ភ្ញៀវ​ចំនួន ១១ ៩៤៨ នាក់ ខេត្តកោះកុង ទទួលបាន​ភ្ញៀវ​ចំនួន ៨ ៩៦៦ នាក់ ខេត្តតាកែវ ទទួលបាន​ភ្ញៀវ​ចំនួន ៨ ៦៣៨ នាក់ ខេត្តមណ្ឌលគិរី ទទួលបាន​ភ្ញៀវ​ចំនួន ៧ ៧១៨ នាក់ ខេត្តបាត់ដំបង ទទួលបាន​ភ្ញៀវ​ចំនួន ៧ ៦៨២ នាក់ រាជធានី​ភ្នំពេញ ទទួលបាន​ភ្ញៀវ​ចំនួន ៧ ៤២៩ នាក់​។​
​តែ​ទោះបី​យ៉ាងណាក្ដី ឯកឧត្ដម ថោង ខុន បានបញ្ជាក់​បន្ថែមថា ខេត្តសៀមរាប នៅតែ​ជា​គោលដៅ​ពេញនិយម ដោយបាន​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​ប្រមាណ​២៨,៤០​ភាគរយ នៃ​ភ្ញៀវ​សរុប​ដែល​ភាគច្រើន​បាន​ទៅ​ទស្សនា​តំបន់​រមណីយដ្ឋាន និង​សហគមន៍​នានា ក្នុង​ខេត្ត​ដូចជា តំបន់​ប្រាសាទអង្គរវត្ត ឧទ្យាន​ជាតិ​ភ្នំ​គូលែន សហគមន៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍ សហគមន៍​ត្រាវ​កុដិ សហគមន៍​បឹង​ឈូក​បន្ទាយស្រី រមណីយដ្ឋាន​ភូមិ​វប្បធម៌​កម្ពុជា​ជាដើម​។​

​បើតាម​ការលើកឡើងរ​បស់​ឯកឧត្តម ថោង ខុន ពាក់ព័ន្ធ​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្រសួងទេសចរណ៍​បាន​ដាក់ចេញ​សារាចរ​ណែនាំ​មួយ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ឱ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត និង​គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់ ពង្រឹង​ការ​អនុវត្តតាម​ប្រសាសន៍​ក្រើនរម្លឹក​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដោយ​ត្រូវ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ គណៈបញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត​៕​ដោយ​៖ រិទ្ធី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​