ព្រះមហាក្សត្រ ស្តេចយាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ខេត្ត​Shan xi សាធារណរដ្ឋ​ប្រជាមានិត​ចិន

AKP ភ្នំពេញ ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០
​ក្នុងឱកាស​គង់ ពិនិត្យ​ព្យាបាល​ព្រះរាជសុខភាព នៅ​ទីក្រុង​ប៉េកាំង នៃ​សាធារណ រដ្ឋ​ប្រជាមានិត​ចិន ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ស្តេចយាង​បំពេញ​ព្រះរាជទស្សនកិច្ច នៅ​ទីក្រុង​យ៉ាន​អាន ខេត្ត Shan Xi នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​រយៈពេល ចំនួន​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣០ ខែតុលា ដល់​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០ តប​តាម​សេចក្តី​ថ្វាយបង្គំ សូម​យាង​ពី​សំណាក់​ឯកឧត្តម Xi Jinping ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​សក្ការ​ដ៏​ខ្ពង់​ខ្ពស់បំផុត និង​ព្រះរាជ​គណៈប្រតិភូ​ជាន់ខ្ពស់​ដង្ហែ​ថ្វាយ​ព្រះរាជដំណើរ​រួមមាន សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងព្រះបរមរាជវាំង លោកជំទាវ ខែ​ក កែ​មាលី ស៊ី​សូ​ដា ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ឯកអគ្គរាជទូត វិសាមញ្ញ​និង​ពេញ​សមត្ថភាព របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឯកឧត្តម ស្រី ណូរី ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​និង​ជានា​យក​ព្រះរាជ​ខុទ្ទកាល័យ ព្រះមហាក្សត្រ ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជាច្រើនរូប​ទៀត បាន​យាង​និង​អញ្ជើញ​ទៅកាន់ អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េកាំង ដើម្បី​បន្ត​ព្រះរាជដំណើរ តាម​ព្រះទីនាំង​យន្តហោះ ឆ្ពោះទៅកាន់​ទីក្រុង​យ៉ាន​អាន ខេត្ត​Shan xi នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន​។ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​ព្រះរាជ​គណៈប្រតិភូ​ជាន់ខ្ពស់​ដង្ហែ​ថ្វាយ​ព្រះរាជដំណើរ​របស់​ប្រទេស​ទាំងពីរ​បាន​យាង​និង​អញ្ជើញ​ដល់​អាកាសយានដ្ឋាន​Yan´an Naniwan ក្នុង​ទីក្រុង​យ៉ាន​អាន ខេត្ត​សាន​ស៊ី ។​

​ក្នុងឱកាស​ដ៏​ល្អប្រសើរ​នោះ មានការ​អញ្ជើញ​ចូលរួម​ថ្វាយព្រះពរ ថ្វាយ​ព្រះរាជ បដិសណ្ឋារកិច្ច​ស្វាគមន៍ ប្រកបដោយ​ភាព​ខ្ពង់ខ្ពស់​កក់ក្តៅ ពី​សំណាក់​ឯកឧត្តម Xu Xingrong លេខា​បក្ស​ខេត្ត​សាន​ស៊ី ឯកឧត្តម Xue Zhanhai អភិបាលក្រុង​យ៉ាន​អាន និង​មន្ត្រី​ជាន់​ខ្ពង់​ខេត្ត​សាន​ស៊ី​ជាច្រើនរូប​ទៀត ៕​ដោយ រិទ្ធី ប្រភព​៖ ទូរទស្សន៍​ជាតិ​កម្ពុជា​