លទ្ធផលនៃការនាំចេញអង្ករ និងស្រូវពីកម្ពុជាក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២០ សម្រេចបាន៥៣៦.៣០៥ តោន

AKP ភ្នំពេញ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០២០ —
ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអះអាងថា លទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២០ សម្រេចបាន ៥៣៦.៣០៥ តោន។

ប្រភពដដែលបានបន្តថា អង្ការដែលបាននាំចេញទាំងនោះមានអង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤២១.១៣២ តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១០៩.០១២ តោន និងអង្ករចំហ៊ុយមានចំនួន ៦.១៣៨ តោន។

ប្រភពដដែលបានបន្តថា ការនាំចេញអង្កររយៈ១០ខែដើមឆ្នាំ២០២០នេះ គឺមានការកើនឡើងប្រមាណ ៧៨.៣៦៥ តោន ស្មើនឹង +១៧,១១% ដែលធៀបទៅនឹងរយៈពេល១០ខែដើមឆ្នាំ២០១៩ មានចំនួន ៤៥៧ .៩៤០ តោន ។

ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ១០ខែនេះ មានចំនួន ៦០ ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន(រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៩ ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ១០ ក្នុងចំណោម ៧២ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។

សូមបញ្ជាក់ថា៖ ក) ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ១០ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់៖ ១) ការនាំចេញទៅសហភាពអ៊ឺរ៉ុបមានចំនួន ២៤ ប្រទេស មានបរិមាណសរុបចំនួន ១៧៤ ៣៩១ តោនកើនចំនួន ៣២,៥១%, ២) ប្រទេសចិនមានបរិមាណសរុបចំនួន ១៩៤ ៤៥១ តោន កើនឡើងចំនួន ៣៦,២៦%, ៣) បណ្តាប្រទេសសមាជិកអាស៊ានមានបរិមាណសរុបចំនួន ៧១ ៨៨២ តោន កើនឡើងចំនួន ១៣,៤០%, និង ៤) គោលដៅដ៏ទៃទៀត ចំនួន២៩ ប្រទេស មានបរិមាណសរុបចំនួន ៩៥ ៥៨១ តោន បានកើនឡើងចំនួន ១៧,៨៣% ។

ខ) ការនាំចេញស្រូវទៅតាមបណ្តាច្រកនៃខេត្តជាប់ព្រំដែនប្រទេសវៀតណាម សម្រាប់រយៈពេល ៩ខែ២៨ថ្ងៃ ដើមឆ្នាំ២០២០ (មកទល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០) មានបរិមាណសរុបចំនួន ១ ៤២៧ ២២៦ តោន៕
ដោយៈ ហេង បញ្ញា