រដ្ឋមន្ត្រីធនធានទឹក ចុះពិនិត្យស្ថានភាពទឹក នៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីពន្លឿន​រំដោះទឹក ឱ្យស្រកលឿនចូលបឹងទន្លេសាប ​

AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមរួម​នឹងក្រុមការងារដែលជាប្រធានមុខព្រួញខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ក្រុមមន្រ្តីបច្ចេកទេសក្រសួង និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃ​សុក្រ ១៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលាគ.ស២០២០នេះបានបន្តដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹកទូទៅនៃខេត្តទាំង​​ពីរដែលបានទទួលរងដោយសារតែជំនន់ទឹកភ្លៀង​ជន់លិចមកនេះ។

ការចុះមកត្រូតពិនិត្យស្ថានភាពទឹកនេះ ដើម្បីបន្ថែមមធ្យោបាយពន្លឿនសកម្មភាព អន្តរាគមន៍រំដោះបរិមាណទឹកជន់ ឱ្យស្រកលឿនហូរឆ្ពោះចូលទៅបឹងទន្លេសាប ដែលជាវិធានការចំពោះមុខដើម្បីបន្ថយផលប៉ះពាល់ដល់ដំណាំបងប្អូនប្រជាពលរដ្ឋក្នុងប្រព័ន្ធអាងទឹកត្រពាំងថ្ម នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងផ្នែកខាងក្រោមក្នុងខេត្តសៀមរាមនោះ។

ទន្ទឹមនឹងនោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹកក៏បានចាត់វិធានការដោយជំរុញជា​បន្ទាន់ដល់គ្រប់មុខព្រួញតាមបណ្តាខេត្តឱ្យបង្កើនការយកចិត្តទុកដាក់តាមដានស្ថានភាពទឹក​បានជាប់ជាប្រចាំហើយត្រូវខ្ចប់រក្សាទឹកទុកដើម្បីសម្រាប់ប្រើប្រាស់ជាពហុប្រយោជន៍នៅពេលខាងមុខផងដែរ។

តាមរយៈការចុះពិនិត្យជាក់ស្តែងនាព្រឹកនេះ​ឯកឧត្តម រដ្ឋមន្រ្តី លឹម គានហោ ព្រមទាំងថ្នាក់ដឹកនាំក្រសួង ក្រុមមន្រ្តីបច្ចេកទេស បានចុះពិនិត្យផ្ទាល់នៅប្រឡាយកុមារ នៃប្រព័ន្ធអាងត្រពាំងថ្ម ដែលជាប្រឡាយរំដោះទឹក និងស្រោចស្រព ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយក្នុងពេលបច្ចុប្បន្នប្រឡាយនេះ កំពុងបំពេញតួនាទី ជាប្រឡាយរំដោះទឹកយ៉ាងសំខាន់មួយបន្ថែមពីលើប្រឡាយមេធំៗចំនួន៣សម្រាប់សម្រួល​ចរន្តទឹកពីអាងទឹកត្រពាំងថ្មដែលកំពុងជោរជន់ឱ្យ ហូរចុះទៅបឹងទន្លេសាប៕
ដោយ: ឈុន សារ៉ាត

សម្រួលផ្សាយ៖ កន ចំណាន