ឯកឧត្តម ឃួ​ង ស្រេង បន្ត​ចែក​អំណោយ​សប្បុរសធម៌ ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​៥៩៣​គ្រួសារ មកពី​៥​សង្កាត់ នៅ​ខណ្ឌមានជ័យ

AKP ភ្នំពេញ ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០–
​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ទឹកភ្លៀង​ចំនួន​៥៩៣​គ្រួសារ រស់នៅក្នុង​៥​សង្កាត់ ខណ្ឌមានជ័យ បានមក​ទទួល​អំណោយ​សប្បុរស​ធ៌​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ដ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ ។ ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង នា​រសៀល​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០ នៅក្នុង​បរិវេណ​សាលា ខណ្ឌមានជ័យ ។

​ឯកឧត្តម ឃួ​ង ស្រេង បាន​លើកឡើងថា ក្រោម ការដឹកនាំ និង​គិតគូ ពីស​ម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​បាន​ណែនាំ និង​ជំរុញ​ឱ្យ​អាជ្ញាធរ​គ្រប់​ជាន់ ថ្នាក់​ទាំងអស់ ធ្វើយ៉ាងណា ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ឱ្យបាន​ទាន់ពេលវេលា​។ អនុវត្តតាម​បទបញ្ជា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក្រោម ការសហការ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ពិសេស កម្លាំង​កងទ័ព យើង​បាន​ជម្លៀស​ប្រជាពលរដ្ឋ មកកាន់​ទីទួល​សុវត្ថិភាព​បាន​ដោយ​ជោគជ័យ ជាមួយនឹង​ការផ្ដល់​អាហារ ហូបចុក​ឱ្យបាន​គ្រប់គ្រាន់​ផងដែរ ហើយ​ការជួយ សង្គ្រោះ​ប្រជាពលរដ្ឋ​នេះ គឺ​យើង​ធ្វើឡើង​ដោយ​មិន​គិត ពី​និន្នាការ​នយោបាយ ឬ គណបក្ស​ណា​នោះទេ ពោលគឺ​ឱ្យតែ​ប្រជាពលរដ្ឋ ដែល​ទទួលរង​គ្រោះ គឺ​យើង​ជួយ​ទាំងអស់ ជាមួយនឹង​ការផ្ដល់​អំណោយ​ជូន​ពួកគាត់​ផងដែរ​។​

​អំណោយ​មនុស្សធម៌​តាមរយៈ ឯកឧត្តម ឃួ​ង ស្រេង យកមកចែក​ជូន​បង​ប្អូន​ប្រជា ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ទក​ភ្លៀង​ថ្ងៃនេះ​ចំនួន​៥៩៣ គ្រួសារ រួមមាន​៖ ក្នុង​១​គ្រួសារ ទទួលបាន អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹក​សុទ្ធ​១​កេស ទឹកត្រី​១​យួរ ទឹក​សា​អ៊ីវ​១​យួរ​,​ត្រីខ ១​យូរ និង​ថវិកា​៥​ម៉ឺន​រៀល ។
ឯកឧត្តម បញ្ជាក់ទៀតថា អំណោយ​ដែល​យកមក ចែកជូន​បងប្អូន​ថ្ងៃនេះ បានមកពី​ទឹក​ចិ​ត្ដ​សប្បុរសធម៌​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ជួយ​ដល់​ប្រជាជន​កម្ពុជា ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ទូទាំងប្រទេស ។

​ឯកឧត្តម ឃួ​ង ស្រេង ក៏បាន​មានប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដោយ សម្តេច​ទាំង​ទ្វេ​បាន​គិតគូ​អំពី​សុខទុក្ខ របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ដោយ​ក្តី​នឹករឭក មិន​ទុកឱ្យ​បងប្អូន​ណាមួយ​ស្លាប់​ដោយ​អត់បាយ​នោះឡើយ សម្ដេច តែងតែ​គិតគូ ដោយបាន​ផ្ដល់​អនុសាសន៍​ថា ស្គាល់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ ក្នុង​គ្រា មានទុក្ខ​លំបាក ៕ ដោយ​៖ សួស សំរិត សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​