ផ្លូវនៅខេត្តប៉ៃលិនប្រវែងជិត៥៥គីឡូម៉ែត ត្រូវបានបំផ្លាញដោយសារជំនន់ទឹកភ្លៀង ឆ្នាំ២០២០នេះ

វិទ្យុជាតិកម្ពុជា:
នៅព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមនិងមន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យ និងវាយតម្លៃ ទំហំនៃការខូចខាតផ្លូវ និងត្រូវជួសជុលបន្ទាន់ ក្នុងភូមិសាស្រ្ត ដែលរងប៉ះពាល់ពីជំនន់ទឹកភ្លៀង នៅស្រុកសាលាក្រៅ ខេត្តប៉លិន។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានគណប្រតិភូក្រសួង សាធារណការ និងដឹកជញ្ជូន នៅលើទឹកដីខេត្តប៉ៃលិន ហើយឯកឧត្តម បានជម្រាបជូនគណប្រតិភូថា ខេត្តប៉ៃលិន ក៏ដូចជាខេត្តដទៃទៀតដែរ ផ្លូវថ្នល់ដែលប្រជាពលរដ្ឋធ្លាប់បានអាស្រ័យផល ត្រូវបានខូចខាតដោយជំនន់ទឹកភ្លៀងស្ទើគ្រប់ផ្លូវ ពិសេសនៅស្រុកសាលាក្រៅ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានសំណូមពរ ដល់គណប្រតិភូ ជួយពន្លឿនការជួសជុលឱ្យបាន ឆាប់រហ័ស ។
ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិកាក្រសួងសាធារណការនិងដឹកជញ្ជូន បានទទួលយកសំណូមពរពីឯកឧត្តមអភិបាលខេត្ត ក្នុងការដោះស្រាយបន្ទាន់ជូនប្រជាពលរដ្ឋ និង វាយតម្លៃជូនឯ/ឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។
លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តប៉ៃលិន បានឱ្យដឹងថា នៅខែតុលានេះ ជំនន់ទឹកភ្លៀងបាន បណ្ដាលឱ្យខូចហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នានានៅខេត្តប៉ៃលិនចំនួន១០ខ្សែ ប្រវែងសរុប៥៤.៨២គីឡូម៉ែត ក្នុងនោះផ្លូវដែល ខូចធ្ងន់ជាងគេគឺស្ថិតក្នុងភូមិ ដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅខេត្តប៉ៃលិន ៕ អត្ថបទ លោក គួន ធិ