រដ្ឋបាលខេត្តប៉ៃលិន រួមគ្នាជាមួយក្រុមស្នាមញញឹមមនុស្សធម៌ ឧបត្ថម្ភស្បៀងដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

វិទ្យុជាតិកម្ពុជា
ប៉ៃលិន៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោកលោកស្រី ជា លាភ អភិបាលរងខេត្ត ព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេគណខេត្តនៃគណៈមហានិកាយ និងព្រះគ្រូធម្មកដ្ឋាធិរាជ សាន់ លី ព្រះមេគណខេត្តនៃគណៈធម្មយុត្តិកនិកាយ និងលោក លោកស្រីថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ក្រុមស្នាមញញឹម មនុស្សធម៌ បានអញ្ជើញសំណេះសំណាលនិងឧបត្ថម្ភស្បៀងដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត បន្ទាប់ពីរងផល ប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងបរិវេណវត្តសាលាក្រៅចាស់ ស្ថិតនៅភូមិទួលខ្ពស់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា បន្ទាប់ពីប្រទេសកម្ពុជាទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យភូមិសាស្ត្រក្នុងខេត្តប៉ៃលិន មានជំនន់ទឹកភ្លៀងធ្វើឱ្យប៉ះពាល់ដល់ ទូទាំងស្រុកសាលាក្រៅ ក្នុងនោះឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ បានប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់លំនៅឋាន ដំណាំផ្សេងៗជាច្រើន ជាពិសេសដំណាំចម្ការ និង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ ឯកឧត្តមអភិបាលខេត្តបានមាន ប្រសាសន៍ឱ្យដឹងថា រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើម ជាពិសេសបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយ អត់បាយដោយមិនបានដឹង និង មិនបានដោះស្រាយនោះឡើយ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៏បានមានប្រសាសន៍បញ្ជាក់ថា៖ បើទោះបីជាអំណោយស្បៀងទាំងនេះមិនបានបំពេញតាមតម្រូវការរបស់បងប្អូនក៏ពិតមែន តែក៏អាចដោះស្រាយបានមួយកម្រិតផងដែរ ដូច្នេះសូម លោកតា លោកយាយ អ៊ុពូមីង និងបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើនផលឱ្យបានកាន់តែច្រើន ដើម្បីបង្កើនជីវភាពឱ្យបានធូរធារជាងមុន ជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យ ដោយត្រូវពាក់ម៉ាស់នៅកន្លែងសាធារណៈ និងលាងសម្អាតដៃ ឱ្យបានស្អាតជាប្រចាំ ក្នុងន័យចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីត-១៩។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយសារជំនន់ទឹកភ្លៀង បានទទួលអំណោយស្បៀងពីអាជ្ញាធរខេត្ត និងសប្បុរជនក្នុងនិងក្រៅប្រទេសមានចំនួន ២០០គ្រួសារ នៅក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ ១៥គីឡូក្រាម ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ មី១កេស និង ថវិកា ៣ម៉ឺនរៀលផងដែរ៕
អត្ថបទ លោក គួន ធិ