កសិករនៅភូមិកោះ ខន ឌិន ព្យាយាមដាំដំណាំប៉ិគួកធ្វើជាផលិតផលមួយភូមិមួយ

វិទ្យុជាតិកម្ពុជា ៖ គឹម ហឿន ស្ទឹងត្រែង
MC៖ កសិករជាង៥០គ្រូសារ នៅភូមិកោះ ខន ឌិន សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង បាននាំគ្នាព្យាយាមដាំ ដំណាំប៉ិគួក ដើម្បីបង្កើតឱ្យមានភូមិ១ផលិតផល១ផង និង បង្កើនប្រាក់ចំណូលក្នុងក្រុមគ្រួសារផង។

លោកស្រី ប៉ែន ឈួន សមាជិកក្រុមកសិកម្មប្រចាំភូមិកោះ ខន ឌិន បានបញ្ជាក់ថា៖ចាប់ពីខែកញ្ញាដល់ខែមករា ដែលជារដូវរំហើយ កសិករតែងតែនាំគ្នាដាំដំណាំរយៈពេលខ្លី នៅតាមដងទន្លេសេសាននិងសេកុង ដើម្បីធ្វើឱ្យភូមិ នេះ មានផលកសិកម្មច្រើនប្រភេទ។
លោកស្រីថា៖ ផ្ទៃដីនៅតាមតំបន់វាលទំនាបនេះ បានអំណោយផលទៅលើដំណាំប្រភេទមើម ដូចជា ប៉ិគួក ដំឡូងជ្វា សណ្តែកដី  ដែលកសិករដាំបានផលច្រើនជាងដំណាំយកផ្លែ ដូចជា ពោត- សណ្តែក -ឳឡឹក- ត្រសក់- ល្ពៅ ជាដើម ព្រោះវាត្រូវការថែទាំនិងចំណាយទុនច្រើន ។

លោក សាន ប៊ន កសិករនៅភូមិកោះ ខន ឌិន សង្កាត់សាមគ្គី បានកត់សម្គាល់ថា៖ នៅឆ្នាំនេះមានភ្លៀងច្រើន ហើយ ជំនន់ទឹកទន្លេមិនបានឡើងលិចផ្តល់ដីល្បាប់ទេ តែវាបានផ្តល់ភាពងាយស្រួលសម្រាប់កសិករដាំ ដំណាំ កសិកម្ម នៅរដូវរំហើយ នេះ។
លោកពន្យល់ថា ដើម្បីទទួលផលច្រើន កសិករយើងត្រូវចេះផ្លាស់ប្តូរររៀបដាំដុះ និងជ្រើសរើសយកពូជដំណាំ មានរយៈពេលខ្លី ធ្វើឱ្យស្របទៅតាមអាកាសធាតុប្រែប្រួល ដើម្បីកាត់បន្ថយបញ្ហាប្រឈម ហើយឱ្យទទួលបាន ទិន្នផលខ្ពស់។
លោក ហេង ធន ក្រុមប្រឹក្សាសង្កាត់សាមគ្គី បានបញ្ជាក់ថា៖កសិករនៅភូមិកោះ ខន ឌិន នេះ តែងបានយកបទ ពិសោធន៍ ពីគ្នាទៅធ្វើការងារកសិកម្ម ទោះបីកន្លងមក ធ្លាប់ទទួលបានការបណ្តុះបណ្តាលពីមន្ត្រីជំនាញកសិក និងអង្គការដៃគូ ហើយក៍ដោយ ។

លោកអះអាងថា៖ការផលិតបន្លែបង្ការ ផលដំណាំកសិកម្មផ្សេងៗ កសិករមានបទពិសោធន៍គ្រប់គ្រាន់ហើយ តែភាពលំបាកនោះ គឺប្រឈមទៅនិងកន្លែងលក់ដូរ ព្រោះនៅបរិវេណផ្សារសាមគ្គីធំថ្មី មិនមានកន្លែងសម្រាប់ កសិករ លក់ដូរទេ។
សូមបញ្ជាក់ថា៖ កសិករនៅភូមិកោះ ខន ឌិន បានផុលផុសនាំគ្នាដាំដំណាំប៉ិគួកនៅរដូវរំហើយឆ្នាំនេះ ព្រោះបាន ផលច្រើន ហើយក្រៅពីនាំយកមកលក់នៅទីផ្សារ មានអ្នកបញ្ជាទិញនាំយកទៅបណ្តាខេត្តជិតខាងបន្ថែម ទៀត ក្នុងតម្លៃមួយគីឡូក្រាម ចាប់ពី៥០០ទៅ៨០០រៀល ៕