អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន ចំពោះគ្រោះធម្មជាតិនានា

វិទ្យុជាតិកម្ពុជា
ប៉ៃលិន៖ ឯកឧត្តម ផាន់ ចាន់ផុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត បាន អំពាវនាវដល់ពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិនានាដូចជា៖ភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និង ជំនន់ទឹកភ្លៀងដែលកើតឡើង ជាពិសេសត្រូវការពារខ្លួនចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត ហើយបើមានហេតុការណ៍អ្វីកើត ឡើង ត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីចុះជួយអន្តរាគមន៍សង្គ្រោះបានទាន់ ពេលវេលា។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងដូចនេះ នៅក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់ក្រុមហ៊ុន មិត្តហ្វូន ចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ១០០គ្រួសារ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចលូដាច់ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍បញ្ជាក់ថា៖ គ្រោះថ្នាក់ធម្មជាតិ គឺតែងតែកើតមានឡើងជាយថាហេតុ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ និងប្រញ៉ាប់រាយការណ៍មកកាន់ អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីឱ្យក្រុមការងារ ចុះទៅជួយអន្តរាគមន៍ និងផ្តល់អំណោយសង្គ្រោះឱ្យបានទាន់ពេលវេលា ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន មិត្តហ្វូន ដែលបានចូលរួម ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនៅក្នុងខេត្តប៉ៃលិន ហើយសកម្មភាពនេះបានបង្ហាញពីទឹកចិត្តមនុស្សធម៌ និងសាមគ្គីភាព ជួយគ្នាក្នុងគ្រាលំបាក។
តំណាងក្រុមហ៊ុន មិត្តហ្វូន បានឱ្យដឹងថា៖ ក្នុងស្ថានភាពដ៏លំបាកនេះ ក្រុមហ៊ុនមិត្តហ្វូនបានរួមសហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងខេត្តចំនួន ១០ ដែលបានរងគ្រោះទឹកជំនន់ខ្លាំងជាងគេ ដើម្បីឧបត្ថម្ភគ្រឿងបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ដល់ប្រជាពលរដ្ឋដែលរងគ្រោះ ហើយខេត្តក្រុងដែលទទួលបាន អំណោយពីកម្មវិធីនេះមានដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ រាជធានីភ្នំពេញ កណ្តាល ក្រុងព្រះសីហនុ កំពង់ស្ពឺ ប៉ៃលិន និង ខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថា៖ អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះទាំង ១០០គ្រួសារនោះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២០គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ប៊ីចេង១កញ្ចប់ ត្រីខ ១យួ មី ១កេះ និង ស៊ីមកាតមិត្តហ្វូនចំនួន ២ផងដែរ៕